(ប៉េកាំង)៖ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ទិសដៅនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ពិភពលោក។ កិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១២ ខែធ្នូនេះបានកំណត់ជាក់លាក់ពី ៩វិស័យថា តើការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយត្រូវធ្វើយ៉ាងម៉េច។ "ប្រកាន់ខ្ជាប់នូវនីតិវិធីការងារទូទៅ ដែលទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព"និង"ពង្រឹងនិងបង្កើននិន្នាការងើបឡើងវិញ និងមានភាពល្អប្រសើរ នៃសេដ្ឋកិច្ចដោយឥតឈប់ឈរ"។ល។ កិច្ចប្រជុំនេះបានផ្តល់ការណែនាំដ៏ជាក់លាក់ សម្រាប់ការងារសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយក៏បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញ នូវកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ប្រទេសចិន ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួនផងដែរ ។

នៅបីត្រីមាសដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយល្បឿនកំណើនគឺស្ថិតនៅលំដាប់ថ្នាក់ឈានមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំនេះប្រហែលមានចំនួនលើសពី ៣០ ភាគរយដែលនៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃសេដ្ឋកិច្ចពិភពលោកដដែល។

ក្នុងចំណោមទិសដៅភារកិច្ចចំនួន៩ នៃការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំក្រោយ ទីមួយគឺ "ប្រកាន់ខ្ជាប់ការជំរុញកិច្ចកសាងប្រព័ន្ធ ឧស្សាហកម្មទំនើបតាមរយៈការច្នៃប្រឌិតថ្មី"។ កិច្ចប្រជុំនេះ បានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវជំរុញយ៉ាងខ្លាំងក្លា នូវការធ្វើឧស្សាហូបនីយកម្មបែបថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងពន្លឿន ការជំរុញការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិត។

ចាប់តាំងពីចូលឆ្នាំនេះមក មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនឆ្លងប្រទេសជាច្រើនរូប ដូចជា Tesla JP Morgan Apple និង Qualcomm ជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ច នៅប្រទេសចិនជាបន្តបន្ទាប់។ អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ ទីផ្សារទ្រង់ទ្រាយធំរបស់ចិន។ នៅបីត្រីមាសដើមឆ្នាំនេះ អត្រារួមចំណែករបស់ការចំណាយ ខាងការប្រើប្រាស់ចុងក្រោយរបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចបានឈានដល់ ៨៣,២ ភាគរយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយវិទ្យាស្ថានធនាគារចិន កាលពីថ្ងៃទី ១២ ខែធ្នូបានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៤ ការប្រើប្រាស់របស់ប្រទេសចិន ត្រូវបានរំពឹងថា នឹងស្តារឡើងវិញជាបន្តបន្ទាប់ ហើយបន្តដើរតួនាទីជាយុថ្កាសម្រាប់លំនឹងកំណើនសេដ្ឋកិច្ច។

នៅប៉ុន្មានថ្ងៃមុននេះ គម្រោងថ្មីស្តីពីការតភ្ជាប់ជាមួយក្បួនច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ នៃតំបន់ពាណិជ្ជកម្មសេរីសៀងហៃត្រូវបានប្រកាសជាផ្លូវការ ដោយដាក់ចេញនូវវិធានការថ្មី សម្រាប់ការបើកទូលាយចំនួន ៨០ ចំណុចដើម្បីបង្កើតជាតំបន់គំរូបថ្នាក់ជាតិ សម្រាប់ការបើកទូលាយតាមស្តង់ដារអន្តរជាតិ។ ដោយឡែកនៅដើមខែវិច្ឆិកា ឆ្នាំនេះ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរី (ស៊ីនជាំង) ចិនបានបើកស្លាកជាផ្លូវការ ដូច្នេះ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីរបស់ចិន ត្រូវបានលើកកម្ពស់កម្រិតថ្នាក់និងពង្រីកដល់ចំនួន ២២ កន្លែង។

បើមើលពីការរៀបចំចាត់ចែង នៃកិច្ចប្រជុំនេះអាចឃើញថា ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើមដល់ ការតភ្ជាប់ជាមួយក្បួនច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ រហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ វិធានការសម្រាប់ការបើកទូលាយចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់មួយចំនួនបានឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញ កិច្ចកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ។

ឆ្នាំ ២០២៤ គឺជាខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្រទេសចិន ក្នុងការសម្រេចបាននូវគោលដៅ និងភារកិច្ចនៃផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី១៤ ផងដែរ។ ទោះបីជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន នាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាខ្លះក៏ដោយ ក៏ប៉ុន្តែនិយាយជារួម កាលានុវត្តភាពច្រើនជាងបញ្ហាប្រឈម ។ ដោយចាត់ទុកកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនលើកនេះ ជាទីចាប់ផ្តើមថ្មី ប្រទេសចិនមានសមត្ថភាពនិងលក្ខណសម្បតិ្ត ក្នុងការពង្រឹងនិងបង្កើននិន្នាការងើបឡើងវិញ និងមានភាពល្អប្រសើរនៃសេដ្ឋកិច្ចដោយឥតឈប់ឈរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន