(ប៉េកាំង)៖ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក Nguyen Phu Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Vo Van Thuong ប្រធានរដ្ឋនៃប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចលើកនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានឧទ្ទេសនាម អំពីសភាពការណ៍ដំណើរទស្សនកិច្ចលើកនេះ ទៅកាន់អ្នកសារព័ត៌មានដែលបានអមដំណើរទស្សនកិច្ច។

លោក Wang Yi បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនទទួលបានភាពជោគជ័យដោយគាប់ប្រសើរ និងមានសារសំខាន់ជាប្រវតិ្តសាស្ត្រ ហើយបានក្លាយជានិមិត្តសញ្ញាថ្មីនៃទំនាក់ទំនងរវាងបក្ស និងរដ្ឋនៃប្រទេសទាំងពីរចិននិងវៀតណាម។

ទីមួយ ទំនាក់ទំនងរវាងចិននិងវៀតណាម បានឡើងដល់កម្រិតថ្មី

អគ្គលេខាធិការបក្សទាំងពីររូបបានកំណត់ទិសដៅថ្មី នៃទំនាក់ទំនងរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ ហើយបានប្រកាសថា នឹងចាប់ដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ លើមូលដ្ឋានធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានជាទំនាក់ទំនងរវាងចិននិងវៀតណាម បានឡើងដល់កម្រិតថ្មី។

ទីពីរ កិច្ចសហប្រតិបតិ្តការជាក់ស្តែងទទួលបានសមិទ្ធផលថ្មី

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ចំនួនជាង៣០ច្បាប់ ដែលគ្របដណ្តប់គ្រប់វិស័យ ដូចជា “ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបតិ្តការខាងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង គមនាគមន៍និងដឹកជញ្ជូន ការត្រួតពិនិត្យនិងចត្តាឡីស័ក កិច្ចសហប្រតិបតិ្តការសន្តិសុខខាងការពារជាតិ និងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបតិ្តការលើសមុទ្រជាដើម ដែលបានត្រួសត្រាយវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងចិននិងវៀតណាម។

ទីបី ចារទំព័រថ្មីដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណី

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ លោកអគ្គលេខាធិការបក្ស Xi Jinping និងអ្នកដឹកនាំនៃប្រទេសវៀតណាម បានគូសបញ្ជាក់សារចុះសារឡើងពីសារសំខាន់ នៃការពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីក្នុងបរិបទថ្មី។ លោក Xi Jinping បានលើកឡើងថា កិច្ចសហប្រតិបតិ្តការរវាងចិននិងវៀតណាម គួរតែផ្តោតសំខាន់ទៅលើវិស័យជីវភាពរស់នៅ របស់ប្រជាជនថែមទៀត ជាពិសេសគឺត្រូវបង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យយុវជននិងតំបន់ជាដើម បង្កើនការទទួលស្គាល់របស់ប្រជាជន នៃប្រទេសទាំងពីរចំពោះសហគមន៍រួមវាសនារវាងចិន និងវៀតណាម ក៏ដូចជាពង្រឹងមូលដ្ឋាននៃក្តីបំណងរបស់ប្រជាជន និងមូលដ្ឋានក្នុងសង្គមជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន