(មូស្គូ)៖ ខ្យល់ព្យុះរដូវរងាបាននិងកំពុងបោកបក់ពាសពេញផ្ទៃប្រទេសរុស្ស៉ី នៅថ្ងៃសុក្រនេះ ហើយទីក្រុងមូស្គូត្រូវគ្របដណ្ដប់ ដោយព្រិលយ៉ាងក្រាស់ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ និងបង្កការរំខានដល់ចរាចរណ៍តាមដងផ្លូវសំខាន់ៗ ខណៈរថយន្តត្រូវបើកបរលើព្រិលកម្រាស់ជាង ២០សង់ទីម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមអ្នកឧតុនិយមបាននិយាយថា ព្យុះស៊ីក្លូនបាននាំមកនូវព្យុះព្រិលឥតឈប់ឈរមកកាន់រដ្ឋធានីមូស្គូ ដែលអាចនិយាយបានថា ជាព្យុះព្រិលខ្លាំងបំផុតមួយ មិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំ។ ច្រើនជាង ១ភាគ ៥ នៃព្រិលធ្លាក់ជាមធ្យមសម្រាប់ខែធ្នូ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងនៅគ្រប់ស្ថានីយ៍ទូទាំងទីក្រុងមូស្គូ។

ទូរទស្សន៍រុស្ស៉ីបានរាយការណ៍ថា សាលារៀនមួយចំនួននៅក្នុងតំបន់រុស្ស៉ីប៉ែកខាងទ្វីបអឺរ៉ុប ត្រូវបានបិទដោយសារតែការធ្លាក់ព្រិល។ មានការកកស្ទះចរាចរណ៍ក្នុងចម្ងាយ ១០គីឡូម៉ែត្រពេញមួយយប់នៅលើផ្លូវ M4 ជាផ្លូវដ៏ធំមួយរបស់រុស្ស៉ី ឆ្ពោះទៅភាគខាងត្បូង បណ្តាលឲ្យអ្នកបើកបរត្រូវជាប់គាំងក្នុងអាកាសធាតុដ៏ត្រជាក់។

គួរបញ្ជាក់ថា បើតាមគេហទំព័រអាកាសធាតុ Gismeteo កម្រិតនៃការធ្លាក់ព្រិលក្នុងទីក្រុងមូស្គូនៅខែធ្នូនេះ អាចឡើងដល់កម្រាស់ ៥០សង់ទីម៉ែត្រ ដែលជាកំណត់ត្រាមួយខ្ពស់បំផុត។ កាសែតក្នុងស្រុករុស្ស៉ី បានឲ្យដឹងថា តម្លៃសេវាជីកយករថយន្តចេញពីគំនរព្រិល ក្នុងទីក្រុងមូស្គូ បានឡើងដល់ប្រហែល ៥,០០០រូប្លិ៍ ឬប្រហែល ៥៥ដុល្លារអាមេរិក៕

រូបភាពពី Reuters