(ប៉េកាំង)៖ អាកាសធាតុដ៏ត្រជាក់ បានបន្តគ្របដណ្តប់លើប្រទេសចិននៅថ្ងៃសុក្រនេះ ជាមួយនិងសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមសូន្យ ស្ទើរតែនៅទូទាំងប្រទេស ដែលបណ្តាលឲ្យអាជ្ញាធរចេញការកំណត់កម្រិតធ្វើចរាចរណ៍ តាមផ្លូវហាយវេក្នុងខេត្តមួយចំនួន ក្រោយកើតមានករណីរថយន្តបុកគ្នាលើផ្ទាំងទឹកកក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

មជ្ឈមណ្ឌលឧតុនិយមចិនបានឲ្យដឹងថា សីតុណ្ហភាពនឹងធ្លាក់ចុះដល់ -៤០ អង្សាសេនៅក្នុងផ្នែកខ្លះនៃខេត្តហៃឡុងជាំង (Heilongjiang) ភាគឦសាន និងក្នុងតំបន់ជីនជាំង (Xinjiang) ភាគពាយ័ព្យ រួមជាមួយតំបន់ម៉ុងហ្គោលីខាងក្នុង។ រលកត្រជាក់កំពុងរំកិលឆ្លងកាត់ប្រទេស ពីភាគខាងជើងទៅខាងត្បូង ហើយត្រូវបានគេរំពឹងថា នឹងអូសបន្លាយរហូតដល់ចុងសប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មន្រ្តីចរាចរណ៍ក្នុងខេត្តនីងសា (Ningxia) បាននិយាយថា ផ្លូវហាយវេមួយចំនួន បានក្លាយទៅជាទីគ្មានសុវត្ថិភាព និងត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ន នៅពេលមានព្រិលធ្លាក់។ នៅព្រឹកថ្ងៃសុក្រនេះ ស្រឡាង និងរថយន្តក្រុងមួយចំនួនក្នុងទីក្រុងសៀងហៃ ក៏បានផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ ខណៈដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បានចេញការព្រមានអំពីរលកត្រជាក់លើកដំបូងនៃឆ្នាំ ២០២៣ ដោយសារខ្យល់មកពីត្រជាក់ពីភាគខាងជើង នឹងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះមកត្រឹម -៦អង្សាសេនៅចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា នៅភាគនិរតីនៃប្រទេសចិន ចរាចរណ៍ផ្លូវជាតិ និងខេត្តជាច្រើននៅតំបន់ទីបេ ត្រូវបានបិទដោយសារតែព្រិលទឹកកក និងចុះអ័ព្ទចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍មក។ តាមការព្យាករ វិសាលភាពនិងភាពខ្លាំងក្លានៃព្រិលធ្លាក់ នឹងថយចុះនៅថ្ងៃសុក្រនេះ ប៉ុន្តែនៅតែកើតឡើងក្នុងតំបន់ខ្ពង់រាបមួយចំនួន ដូចជាខេត្តគុយចូវ និងហួរណាន៕

រូបភាពពី Reuters