(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បាននិយាយថា ហ្វាំងឡង់នឹងបិទព្រំប្រទល់របស់ខ្លួនទាំងស្រុង ​ជាមួយប្រទេសរុស្ស៉ីសាជាថ្មីម្តងទៀត ដើម្បីបញ្ឈប់លំហូរជនស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីវិធានការបិទអស់រយៈពេល២សប្តាហ៍ ទើបតែត្រូវបានចាប់ផ្តើមបន្ធូរបន្ថយវិញប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ទីក្រុងហែលស៉ិនគី ធ្លាប់បានអះអាងថា ការកើនឡើងមួយរយៈចុងក្រោយនេះ នៃចំនួនជនសុំសិទ្ធិជ្រកកោនចូលមកតាមប្រទេសរុស្ស៉ី គឺជា​ចំណាត់ការមួយ ដែលត្រូវបានរៀបចំផែនការដោយទីក្រុងមូស្គូផ្ទាល់ ក្នុងគោលបំណងដើម្បីជាការសងសឹកចំ ពោះការដែលហ្វាំងឡង់សម្រេចចិត្ត​ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ វិមានក្រឹមឡាំងបានច្រានចោល ការចោទប្រកាន់របស់​ហ្វាំងឡង់។

បើតាមការអះអាងរបស់ឆ្មាំព្រំដែនហ្វាំងឡង់ លំហូរជនសុំសិទ្ធិជ្រកកោន ត្រូវបានបញ្ឈប់រយៈពេល២សប្តាហ៍ នៅពេលហ្វាំងឡង់ សម្រេចបិទព្រំប្រទល់ជាមួយរុស្ស៉ីទាំងស្រុង កាលពីចុង​ខែវិច្ឆិកាកន្លងទៅ ប៉ុន្តែវាបានបន្តជាថ្មី នៅពេលច្រកព្រំដែនចំនួន២ ក្នុងចំណោមច្រកទាំង៨ ត្រូវបានបើកឡើងវិញ ដោយមានមនុស្ស៣៦នាក់ ស្វែងរកសិទ្ធិជ្រកកោន ។

លោកស្រី Rantanen បាននិយាយដូច្នេះថា «នេះគឺជាសញ្ញាបង្ហាញថា អាជ្ញាធររុស្ស៉ីកំពុងតែបន្តប្រតិបត្តិការហាយប៊្រីដរបស់ពួកគេ ប្រឆាំងមកលើហ្វាំងឡង់។ ដូច្នេះហើយ វាគឺជាអ្វីដែលហ្វាំងឡង់នឹងមិនអាចអត់ឱនដាច់ខាត»។ លោកស្រីបានបន្តទៀតថា ការបិទព្រំប្រទល់​សាជាថ្មីជាមួយរុស្ស៉ី នឹងចាប់ផ្តើមនៅវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍សប្តាហ៍នេះ ហើយនឹងមានរយៈពេល១ខែ។

គួរបញ្ជាក់ថា យោងតាមការអះអាងពីមុនរបស់ឆ្មាំព្រំដែនហ្វាំងឡង់ ជនស្វែងរកសិទ្ធិជ្រកកោនចំនួន​ប្រហែល៩០០នាក់ មកពីប្រទេសផ្សេងៗដូចជាកេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី ស៉ីរី និងយេម៉ែន បានធ្វើដំណើរចូលប្រទេសអឺរ៉ុបខាងជើងមួយនេះ តាមរយៈ​ប្រទេសរុស្ស៉ី កាលពីក្នុងខែវិច្ឆិកា ខណៈមុនពេលនោះ ជាធម្មតាគឺមានមិនដល់ម្នាក់ឡើយ ក្នុងមួយថ្ងៃ។ អំលុងការបិទព្រំប្រទល់ជាមួយរុស្សី ២សប្តាហ៍នោះ ហ្វាំងឡង់បាននៅបន្តអនុញ្ញាត ឱ្យមានការដាក់ពាក្យសុំសិទ្ធិជ្រកកោន សម្រាប់ជនចំណាកស្រុក ដែលមកដល់ប្រទេសខ្លួន តាមច្រកកំពង់ផែនិងអាកាសយានដ្ឋាន៕

រូបភាពពី Reuters