(មូស្គូ)៖ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការដោះដូរអ្នកទោស ដូចជាករណីអ្នកកាសែត Wall Street Journal លោក Evan Gershkovich និងទាហានជើងចាស់អាមេរិក លោក Paul Whelan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីរំពឹងទុកអំពីការសម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែថាសហរដ្ឋអាមេរិកត្រូវតែស្តាប់លក្ខខណ្ឌរបស់រុស្ស៉ី។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

អ្នកយកព័ត៌មានរបស់កាសែត New York Times បានសួរទៅកាន់លោក ពូទីន ពីករណីរបស់ជនជាតិអាមេរិកទាំងពីររូបនេះ នៅក្នុងសន្និសីទ កាសែតប្រចាំឆ្នាំរបស់លោក ដោយលោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយ ហើយកិច្ចព្រមព្រៀងទាំងនេះ ត្រូវតែអាចទទួលយកបានទៅវិញទៅមក និងសមស្របសម្រាប់ភាគីទាំងពីរ»

ដោយលើកឡើងថារុស្ស៉ីបន្តមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហានេះ លោក ពូទីន បានបន្ថែមថា «វាមិនមែនងាយស្រួលទេ ខ្ញុំនឹងមិននិយាយលម្អិតទេឥឡូវនេះ តែខ្ញុំសង្ឃឹមថាយើងនឹងមានដំណោះស្រាយ។ ប៉ុន្តែខ្ញុំសូមនិយាយម្តងទៀតថា ភាគីអាមេរិកត្រូវតែស្តាប់យើង ហើយធ្វើការសម្រេចចិត្តមួយដែលសមស្របនឹងភាគីរុស្ស៊ី»

គួរបញ្ជាក់ថា រុស្ស៉ីបានចាប់ខ្លួនអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំនៅទីក្រុងមូស្គូម្នាក់ របស់កាសែត Wall Street Journal ដោយចោទប្រកាន់ពី បទចារកម្ម កាលពីខែមីនា ឆ្នាំ២០២៣ និងទាហានជើងចាស់នៃកងម៉ារីនម្នាក់ កាលពីឆ្នាំ ២០១៨ ពីបទធ្វើចារកម្មដូចគ្នា។ អ្នកទាំងពីរសុទ្ធតែ បានបដិសេធនូវការចោទប្រកាន់នេះ៕

រូបភាពពី Reuters