(វ៉ាស៉ីនតោន)៖ ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Chuck Schumer បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ព្រឹទ្ធសភានឹងបោះឆ្នោតលើកញ្ចប់ជំនួយយោធា សម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល នៅសប្តាហ៍ក្រោយ ខណៈកិច្ចចរចាជុំវិញការផ្លាស់ប្តូរ គោលនយោបាយសន្តិសុខព្រំដែនអាមេរិក ដែលអាចប៉ះពាល់ទៅដល់ការផ្តល់កញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន នៅតែបន្តធ្វើឡើង។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

តាមលោក Schumer ព្រឹទ្ធសភានឹងពន្យារពេលសម្រាកវិស្សមកាលរបស់ខ្លួន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយកោះប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីផ្តល់ពេលវេលាដល់ក្រុមអ្នកចរចាសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ។ លោក Schumer បានបញ្ជាក់ថា «យើងបាន ជាប់គាំងជាច្រើនលើក លើកិច្ចការបស់យើង។ យើងដឹងថាពិភពលោកកំពុងចាំមើល»

គួរបញ្ជាក់ថា ប្រធានាធីបតីអាមេរិក លោក ចូ បៃដិន បាន និងកំពុងជំរុញឲ្យសមាជិកសភាអនុម័តកញ្ចប់ជំនួយបន្ថែម ដើម្បីផ្តល់ជំនួយសន្តិសុខថ្មី សម្រាប់អ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៉ី ក៏ដូចជាជួយអ៉ីស្រាអែលក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស។ ប្រធានសភាតំណាងរាស្រ្ត មកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson និងសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋផ្សេងទៀត បាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងបោះឆ្នោតគាំទ្រសម្រាប់ការផ្តល់ជំនួយនោះ ប្រសិនបើវាសមស្របនឹងលក្ខខណ្ឌថ្មីនៃការគ្រប់គ្រងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៉ិក៕

រូបភាពពី Reuters