(ប៉េកាំង)៖ ចិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាខ្លួនបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយ នៅក្នុង ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជាតិភាគតិច នៅតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឱ្យដឹងថាកិច្ចពិភាក្សាថ្មីៗនេះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក្រោមការសម្របសម្រួលពីចិន បានឈានដល់ការសម្រេចបានការឯកភាពគ្នាជាច្រើន ក្នុងនោះរួមមានទាំង បទឈប់បាញ់បណ្ដោះអាសន្ន និងការរក្សាកិច្ចសន្ទនា។ លោកស្រី Mao Ning ក៏បានបញ្ជាក់បន្ថែមដែរថាជម្លោះក្នុងតំបន់ភាគខាងជើងនៃប្រទេស មីយ៉ាន់ម៉ាកំពុងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ហើយនេះមិនផ្ដល់ផលចំណេញដល់តែភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយធានាផងដែរនូវសន្តិភាព និងភាពសុខសាន្តនៅតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា»។

គួរបញ្ជាក់ថា ចិន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក៏បាននិយាយដែរថាកិច្ចចរចាសន្តិភាពមួយត្រូវបានធ្វើឡើង និងសម្រេចបានលទ្ធផលវិជ្ជមាន មួយចំនួន តែមិនបានលើកឡើងពីបទឈប់បាញ់នោះទេ។ ចំណែក យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏មិនទាន់ ធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ ពាក់ព័ន្ធនឹងបទឈប់បាញ់៕

រូបភាពពី AFP