(ហ្កាហ្សា)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានព្រមានថាសង្រ្គាមជាមួយក្រុមហាម៉ាសអាចនឹងអូសបន្លាយពេលច្រើន ខែទៅមុខទៀត ខណៈសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងខ្វែងគំនិតគ្នាជុំវិញការបាត់បង់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ការព្រមានខាងលើរបស់លោក Yoav Gallant ធ្វើឡើងនៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ តាមលោក Gallant អ៉ីស្រាអែលត្រូវការពេលវេលាបន្ថែម ហើយពេលវេលានោះអាចនឹងអូសបន្លាយ ច្រើនខែទៅមុខ ដើម្បីជ័យជម្នះ និងកម្ទេចក្រុមហាម៉ាស។

គួរបញ្ជាក់ថា នៅមុនធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល លោក Jake Sullivan បានប្រាប់កាសែតអាមេរិក Wall Street Journal នៅឯវេទិកាមួយថាលោកនឹងពិភាក្សាពីរយៈពេលដែលត្រូវបញ្ចប់សង្រ្គាម ហើយនឹងជំរុញឱ្យមេដឹកនាំអ៉ីស្រាអែល បន្ធូរបន្ថយការវាយលុករបស់ ខ្លួនខ្លះ ដើម្បីកាត់បន្ថយការស្លាប់របស់ជនស៊ីវិល។ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានចូលដល់ខែទី៣ហើយ ចាប់តាំងពី ក្រុមហាម៉ាសបានបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលដោយសម្លាប់មនុស្ស ១២០០នាក់ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ជាច្រើននាក់ជាចំណាប់ខ្មាំង។

ជាការសងសឹក អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៨,៧៨៧នាក់ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល។ នេះបើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ខណៈសង្រ្គាមសព្វថ្ងៃបានរាលដាលពាសពេញតំបន់ហ្កាហ្សា ក្រោយ អ៉ីស្រាអែលពង្រីកការវាយលុកដល់ភាគខាងត្បូងនៃតំបន់នេះ៕

រូបភាពពី Reuters