(ព្រុចសែល)៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឯកភាពគ្នាលើការបើកកិច្ចចរចាជាផ្លូវការស្ដីពីការផ្ដល់ សមាជិកភាពសម្រាប់អ៊ុយក្រែន ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី សាទរថានេះគឺជាជ័យជម្នះមួយសម្រាប់ប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

មន្ត្រីការទូតសហភាពអឺរ៉ុបម្នាក់ បានប្រាប់ AFP ថានាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលកន្លងមកប្រកាន់ជំហរប្រឆាំងចំពោះការផ្ដល់ សមាជិកភាពដល់អ៊ុយក្រែន បានយល់ព្រមដើរចេញពីកិច្ចប្រជុំ នៅពេលមេដឹកនាំអឺរ៉ុប ២៦ផ្សេងទៀតគាំទ្រការសម្រេចចិត្តដោយកុងសង់ស៊ីស ខាងលើ។ ក្រៅតែពីអ៊ុយក្រែន សហភាពអឺរ៉ុបក៏បានបើកកិច្ចចរចាជាផ្លូវការជាមួយប្រទេសម៉ុលដាវីផងដែរ និងបានផ្ដល់ឋានៈជាបេក្ខជនដល់ ប្រទេសហ្ស៊កហ្ស៉ី។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបន្ថែមថា ការសម្រេចចិត្តនេះជាសារមួយយ៉ាងច្បាស់នៃក្ដីសង្ឃឹមសម្រាប់ប្រជាជននៃប្រទេសទាំង៣ និងទ្វីបអឺរ៉ុបទាំងមូល។

ក្នុងពេលដំណាលគ្នា លោក ហ្សេលេនស្គី ក៏បានសាទរផងដែរចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ ដូច្នេះថា «នេះគឺជាជ័យជម្នះសម្រាប់អ៊ុយក្រែន។ ជាជ័យជម្នះសម្រាប់អឺរ៉ុបទាំងមូល ពោលជាជ័យជម្នះមួយដែលនឹងក្លាយជាកម្លាំងជំរុញលើកទឹក ចិត្ត និងភាពរឹងមាំ»

គួរបញ្ជាក់ថា ការសម្រេចចិត្តបើកកិច្ចចរចាជាផ្លូវការស្ដីពីការផ្ដល់សមាជិកភាពសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន កើតមានឡើងចំពេលដ៏សំខាន់ ដែលអ៊ុយក្រែនកំពុងស្វះស្វែងរកជំនួយយោធាបន្ថែមពីសម្ព័ន្ធមិត្ត ដើម្បីអាចបន្តប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី បន្ទាប់ពីប្រតិបត្តិការវាយបក របស់ខ្លួនមិនអាចសម្រេចបានលទ្ធផលធំដុំឡើយ ដោយកញ្ចប់ជំនួយយោធាថ្មីរបស់លោក ចូ បៃដិន ទំហំ ៦០ពាន់លានដុល្លារ កំពុងជាប់គាំង នៅត្រឹមសភាទាំង២ របស់សហរដ្ឋអាមេរិកនៅឡើយ៕

រូបភាពពី​ Reuters