(វ៉ាស៊ីនតោន)៖ សង្រ្គាមគឺប្រៀបដូចជាឋាននរក ដូច្នេះហើយទើបជាធម្មតា បណ្ដាប្រទេសនានានៅលើពិភពលោក តែងតែប្រឹងប្រែងបញ្ចៀស កុំឱ្យវាផ្ទុះឡើង។ សព្វថ្ងៃ មានមនុស្សខ្លះជឿជាក់ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លាអាចកំញើញលោកប្រធានាធិបតីចិន ស៊ី ជីនពីង មិនឱ្យ បើកការវាយប្រហារលើតៃវ៉ាន់ ហើយសូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ក៏កំពុងបង្កើតគោលនយោបាយមួយឡើង ដោយផ្អែកលើគោលគំនិតនេះ ដែរ នោះគឺថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលមានវិសាលភាពដូចគ្នាទៅនឹងការគំរាមកំហែង បំផ្លិចបំផ្លាញដោយយោធា អាចទប់ស្កាត់កុំឱ្យសង្គ្រាមខុសច្បាប់ផ្ទុះឡើង។

ប៉ុន្តែ សម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក Hal Brands គំនិតបែបនេះអាចនឹងបង្កគ្រោះថ្នាក់ និងជាកំហុសមួយ។ តាមលោក Hal Brands នៅមុនសង្រ្គាមលោកលើកទី១ ចក្រភពអង់គ្លេសជឿថាអំណាចសេដ្ឋកិច្ចរបស់ខ្លួន ដែលនៅពេលនោះទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក នឹងធ្វើឱ្យអាល្លឺម៉ង់លុតជង្គង់ក្នុងរយៈពេលដ៏ខ្លី តែចុងក្រោយសង្រ្គាមលោកលើកទី១នៅតែផ្ទុះឡើង។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ក្រុមអ្នកគាំទ្រសង្គមប្រជាជាតិជឿថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មផ្សេងៗអាចកំញើញ ជនឈ្លានពាន។ តែសង្រ្គាមលោកលើកទី២ នៅតែផ្ទុះឡើងដោយអាល្លឺម៉ង់ឈ្លានពានអឺរ៉ុប ជប៉ុនឈ្លានពានចិន រីឯអ៉ីតាលីឈ្លានពាន តំបន់អាហ្វ្រិក។

បច្ចុប្បន្ន ក្រុមមន្ត្រី និងអ្នកវិភាគគោលនយោបាអាមេរិកយល់ថាការគំរាមកំហែងនៃការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់សេដ្ឋកិច្ច អាចជួយកំញើញចិន មិនឱ្យវាយប្រហារលើតៃវ៉ាន់។ «ការធ្វើសមាហរណកម្មអំណាចកំញើញ» គឺជាគោលគំនិតស្នូលមួយ ក្នុងយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ដែលផ្ដោតថាការរួមបញ្ចូលគ្នានៃអំណាចសេដ្ឋកិច្ច យោធា និងសម្ពាធការទូត ជាមធ្យោបាយដ៏សំខាន់មួយអាចកំញើញ មហាអំណាចវាតទីនិយមពីការប្រើប្រាស់កម្លាំងយោធា។ នៅក្រោយពេល រុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិច បានចាត់វិធានការឆ្លើយតបដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច បច្ចេកវិទ្យា និងហិរញ្ញវត្ថុដ៏ខ្លាំងមួយដែលពួកគេមិនធ្លាប់បានធ្វើ ដាក់រុស្ស៉ី រហូតដល់លោក ចូ បៃដិនផ្ទាល់បានប្រកាសថាទណ្ឌកម្មទាំងនេះបានបង្កការខាតបង់ធ្ងន់ធ្ងរដល់រុស្ស៉ី។

ពិតមែនទៅ ការពឹងផ្អែកលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺមានភាពសមហេតុផល។ ពីព្រោះថាឥលូវ សហរដ្ឋអាមេរិកលែងមាន អំណាចយោធាលើសលប់ ដូចដែលខ្លួនធ្លាប់មាននោះទេ ហើយខណៈតុល្យភាពយោធាក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិចកំពុងផ្អៀងទៅខាងចិន ផងនោះ សហរដ្ឋអាមេរិក មានតែត្រូវប្រឹងប្រែងធ្វើឱ្យយ៉ាងរក្សាអំណាចសេដ្ឋកិច្ចឱ្យលើសចិន តាមរយៈការរក្សាអំណាចលុយដុល្លារអាមេរិក យូរអង្វែងក្នុងពាណិជ្ជកម្ម និងហិរញវត្ថុពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តលើខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីប និងបច្ចេកវិទ្យាសំខាន់ៗដទៃទៀត។ លោក ស៊ី ជីនពីង ធ្លាប់បាននិយាយថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ជារឿងចៀសមិនរួច ដើម្បីស្វែងរក អំណាចជាតិរបស់ចិនមកវិញ។ ដូច្នេះក្រុមមន្ត្រីអាមេរិកយល់ថាលោក ស៊ី ជីនពីង នឹងមិនប្រើកម្លាំងយោធាលើតៃវ៉ាន់ទេ ប្រសិនបើលោកមាន ការភ័យខ្លាចថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាសកលអាចនឹងបំផ្លាញ «ក្ដីស្រមៃមួយនេះ»។

ក៏ប៉ុន្តែ សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញរួចហើយថាទណ្ឌកម្មសេដ្ឋកិច្ចតែមួយមុខមិនអាចកំញើញលោក ពូទីន បានឡើយ។ ២ឆ្នាំមកនេះ ទោះ រងផលប៉ះពាល់ តែសេដ្ឋកិច្ចរុស្ស៉ីមិនបានដួលរលំឡើយ និងថែមទាំងអាចរកទីផ្សារថ្មីសម្រាប់ការនាំចេញប្រេង និងឧស្ម័នទៀតផង។ ជាការពិតណាស់ លោក ស៊ី ជីនពីង កំពុងតាមដានយកចិត្តទុកដាក់ចំពោះផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មរបស់លោកខាងលិច ហើយអ្វី ដែលលោកបានឃើញ ក៏ប្រហែលជាមិនបានធ្វើឱ្យលោកភ្ញាក់ផ្អើលដែរ។ និយាយទៅ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងចិន គឺពិបាកនឹងធ្វើ ជាងរុស្ស៉ីឆ្ងាយណាស់ ហើយលោកស៊ីផ្ទាល់ក៏ដឹងច្បាស់ដែរ។ សេដ្ឋកិច្ចចិនមានលក្ខណៈចម្រុះ និងចាក់ឬសយ៉ាងជ្រៅ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ សកល ដែលផលិតគ្រឿងអេឡិចត្រូនិក ថ្នាំ ឬបរិក្ខារពេទ្យ និងទំនិញផ្សេងទៀតដែលពិភពលោកទាំងមូលពឹងផ្អែក។ ពោលគឺដូចរបាយការណ៍ ថ្មីមួយរបស់វិទ្យាស្ថាន Center for a New American Security មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បាននិយាយថា គ្មានកញ្ចប់ទណ្ឌកម្ម ណាមួយអាចធ្វើឱ្យសេដ្ឋកិច្ចចិន ដួលរលំក្នុងពេលត្រឹមតែមួយយប់នោះទេ។

និយាយបែបនេះ ក៏មិនមែនមានន័យថាសហរដ្ឋអាមេរិកគ្មានជម្រើសផ្សេងទេ។ សហរដ្ឋអាមេរិក អាចទាញទម្លាក់សេដ្ឋកិច្ចបន្តិចម្ដងៗ ដោយ ការកាត់ផ្ដាច់ចិនពីប្រព័ន្ធហិរញ្ញវត្ថុសកល បិទខ្ទប់ចិនពីការធ្វើពាណិជ្ជកម្មតាមសមុទ្រ និងការនាំចូល ឬនាំចេញរ៉ែកម្រ និងរារាំងចិនមិនឱ្យចូល ទៅកាន់បច្ចេកវិទ្យាបន្ទះឈីប។ ប៉ុន្តែ សង្រ្គាមសេដ្ឋកិច្ចក្នុងទម្រង់នេះ ចង់ ឬមិនចង់​ វាក៏នឹងជះផលអាក្រក់ដល់បណ្ដាប្រទេសដទៃ នៅជុំវិញ ពិភពលោកដែរ ដែលនេះអាចនឹងធ្វើឱ្យកាន់តែពិបាកក្នុងការបញ្ចុះបញ្ចូលឱ្យពួកគេចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងចិន។

ទណ្ឌកម្មអាចដំណើរការទៅបានដោយប្រសិទ្ធភាព ទាល់តែធ្វើឡើងផ្អែកមូលដ្ឋានពហុភាគី។ តែត្រង់ចំណុចនេះ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ សហរដ្ឋអាមេរិក ទាំងនៅអឺរ៉ុប និងអាស៊ី នៅតែមានការស្ទាក់ស្ទើរក្នុងការប្ដេជ្ញាចិត្តជាសាធារណៈក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងចិន ក្នុងករណី សង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើង។ ម្យ៉ាង រដ្ឋាភិបាលទាំងនោះចាំបាច់ត្រូវមើលឃើញសង្រ្គាមជាក់ស្ដែងផ្ទុះឡើងជាមុនសិន មិនមែនស្ថិតនៅក្រោម ការព្យាករឡើយ សំដៅអាចប្រមូលការគាំទ្រក្នុងស្រុកដើម្បីប្រឈមុខជាមួយចិន។ ពីព្រោះថាពួកគេមិនចង់ដើរមុន ឬចាត់វិធានការបង្ការជាមុន ដោយធ្វើឱ្យដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ពួកគេដូចជាចិនខឹងសម្បារទេ។

បានន័យថាលោកខាងលិចអាចនឹងមើលឃើញខ្លួនឯងក្នុងស្ថានភាពមួយ ដែលពួកគេអាចប្ដេជ្ញាចិត្ត ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច លុះត្រាតែចិន វាយប្រហារលើតៃវ៉ាន់ជាមុនសិន ដែលនៅពេលនោះការកំញើញទប់ស្កាត់បានបរាជ័យរួចទៅហើយ។ បើតាមលោក Hal Brands មេដឹកនាំចិន រូបណាក៏ដោយ រួមទាំងលោក ស៊ី ជីនពីង ឱ្យតែវាយប្រហារលើតៃវ៉ាន់ អាចនឹងត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ក្នុងជម្លោះយោធាជាមួយ សហរដ្ឋអាមេរិក រហូតដល់អាចគំរាមកំហែងដល់អំណាចដឹកនាំរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើការគំរាមកំហែងទាំងនេះមិនអាចកំញើញ មេដឹកនាំចិនបានទេ នោះវាច្បាស់ណាស់ថាទណ្ឌកម្មសេដ្ឋកិច្ច ក៏មិនអាចកំញើញពួកគេបាននោះដែរ។ យ៉ាងណាក៏ដោយ លោក Hal Brands យល់ថាទណ្ឌកម្មសេដ្ឋកិច្ចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ហើយបើសហរដ្ឋអាមេរិកចង់កំញើញលោក ស៊ី ជីនពីង មិនឱ្យវាយប្រហារលើតៃវ៉ាន់ អាមេរិកមិនត្រូវពឹងផ្អែកថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មានប្រសិទ្ធភាពដូចជាអំណាចយោធានោះឡើយ៕