(វ៉ាស៉ីនតោន)៖ សេតវិមានបានឲ្យដឹងថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានជួបរាជទាយាដអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង បង្កើតសន្តិភាពប្រកបដោយនិរន្តរភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការឆ្លើយតបផ្នែកមនុស្សធម៌នៅតំបន់ហ្គាហ្សា រួមទាំងរបៀបបង្កើនលំហូរនៃជំនួយសំខាន់ៗចូលទៅក្នុងដែនដីប៉ាឡេស្ទីន និងបញ្ហាទ្វេភាគីជាច្រើនទៀតផងដែរ។ បន្ទាប់មក លោក Sullivan ត្រូវធ្វើដំណើរទៅកាន់អ៉ីស្រាអែល និងជួបលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu រួមទាំងសមាជិកនៃគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសង្រ្គាមរបស់អ៉ីស្រាអែលផងដែរ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា លោក Sullivan នឹងពិភាក្សាទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុម Houthi ដែលកំពុងបន្តប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មអន្តរជាតិ នៅឯសមុទ្រក្រហម។

គួរបញ្ជាក់ថា ការចរចារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងឈានឲ្យដល់កិច្ចព្រមព្រៀង ធ្វើឲ្យទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីតត្រឡប់ទៅរកភាពប្រសើរឡើងវិញ ត្រូវជាប់គាំងដោយសារតែការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសនៅហ្គាហ្សា ទៅលើទឹកដីភាគខាងត្បូងរបស់អ៉ីសា្រអែល បណ្តាលឲ្យមនុស្ស ១,២០០នាក់ស្លាប់ និងចាប់ធ្វើជាចំណាប់ខ្មាំងជាង ២០០នាក់។ បើតាមក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សា មកទល់នឹងពេលនេះ ប្រជាជនប៉ាឡេស្ទីនជាង ១៨,០០០នាក់ហើយត្រូវបានសម្លាប់ ក្រោមការវាយប្រហារសងសឹករបស់អ៉ីស្រាអែល៕