(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០១ ប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)ជាផ្លូវការដែលបានក្លាយជារដ្ឋសមាជិកទី១៤៣ នៃអង្គការ WTO។ នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយក្នុងដំណើរអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាសញ្ញាកត់សម្គាល់ថា អ្នកផលិតនិងអ្នកប្រើប្រាស់ចំនួនជិត ១ពាន់ ៣រយលាននាក់ បានចូលក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីទាំងស្រុង ដែលបានបើកទំព័រនៃការធ្វើពាណិជ្ជកម្មសកល។

ឆ្នាំ២០២៣ គឺជាខូបឆ្នាំទី២២ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) របស់ចិន។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ ប្រទេសចិនបាននិងកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវពាក្យសន្យាដែលខ្លួនបានធ្វើក្នុងពេលចូលជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពង្រីកការបើកទូលាយឥតឈប់ឈរ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសនាំចេញធំទីមួយនិងជាប្រទេសនាំចូលធំទីពីរខាងពាណិជ្ជកម្មទំនិញជាសកល ប្រការនេះមិនត្រឹមតែធ្វើឱ្យប្រទេសខ្លួនទទួលបាន ការអភិវឌ្ឍយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចសកលផងដែរ។

បន្ទាប់ពីបានចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈពេល ២២ ឆ្នាំមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន បានកើតមានការប្រែប្រួលយ៉ាងខ្លាំង។ ទី១ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ។ ទំហំសេដ្ឋកិច្ចសរុបបានកើនឡើងពី ១១,១ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០០១ ដល់ ១២០ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២២ ដែលមានអនុបាតកើនឡើងពី ៤ ដល់ ១៨ ភាគរយនៃបរិមាណទូទៅនៃពិភពលោក។ ទី២ ប្រទេសចិនបានក្លាយជាប្រទេសនាំចេញធំ ទីមួយខាងពាណិជ្ជកម្មទំនិញជាសកល។ ទំហំសរុបនៃពាណិជ្ជកម្មទំនិញខាងការនាំចេញនាំចូល របស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដើម ឆ្នាំ ២០២៣ នេះមានចំនួន ២៣,៥៥ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,៤ ភាគរយបើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ឯពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ទីពីរលើពិភពលោក ហើយទំហំនាំចេញនៃពាណិជ្ជកម្មសេវាកម្ម បានកើនឡើង ៥ ដងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២។ ទី៣ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក។ បន្ទាប់ពីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈពេល ២២ ឆ្នាំមក ប្រទេសចិនបានក្លាយជា ប្រទេសមហាអំណាចខាងផលិតកម្ម ហើយឧស្សាហកម្មផលិតកម្មរបស់ចិនកំពុងធ្វើបរិវត្តកម្មទៅកាន់ ភាពឆ្លាតវៃយ៉ាងឆាប់រហ័សព្រមទាំងបានចូលរួមយ៉ាងស៊ីជម្រៅ ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកផលិតកម្មឆ្លាតវៃសកលផងដែរ។

ក្នុងរយៈពេល ២២ ឆ្នាំបន្ទាប់ពីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកមក អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បាននិងកំពុងរក្សានៅកម្រិតប្រហែល ៣០ ភាគរយជាប់រហូត ! បន្ទាប់ពីចិនបានចូលជាសមាជិកនៃអង្គការ WTO ដោយសារទទួលបានផលប្រយោជន៍ពីការវិវឌ្ឍរីកចម្រើន យ៉ាងផុលផុសនៃការធ្វើពាណិជ្ជកម្មសកល បានជាសេដ្ឋកិច្ចរបស់ចិនបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ជំរុញការងើបឡើងវិញនិងកំណើននៃសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិនមិនត្រឹមតែបានក្លាយជាប្រទេសនាំចេញធំទីមួយ លើប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសនាំចូលធំទីពីរលើពិភពលោកផងដែរ ដែលបានផ្តល់ឱកាសទីផ្សារដ៏ធំធេងដល់ពិភពលោក ។ លើសពីនេះទៅទៀត ប្រទេសចិនក៏បានបើកទូលាយទីផ្សាររបស់ខ្លួន ទៅកាន់ពិភពលោកដោយម្ចាស់ការ ក្នុងន័យពង្រីកការនាំចូលតាមរយៈការបើក ពិព័រណ៍នាំចូលចិនអន្តរជាតិផងដែរ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើង ក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក បានផ្សារភ្ជាប់ចិននិងពិភពលោកយ៉ាងសកម្ម តួនាទីជាវេទិកាធំៗទាំងបួន ពោលគឺ ការបញ្ជាទិញអន្តរជាតិ ការជំរុញការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនព្រមនិងកិច្ចសហប្រតិបត្តិការ បែបបើកទូលាយត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយលក្ខណៈជាទំនិញសាធារណៈអន្តរជាតិដែលពិភពលោក អាចចែករំលែកជាមួយគ្នាត្រូវបានរំលេចឡើងកាន់តែច្បាស់។

សូមបញ្ជាក់ថា ពីការអនុវត្តគោលនយោបាយបើកទូលាយចំពោះបរទេសកាលពី ៤៥ ឆ្នាំមុនដល់ការចូលជា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពី ២២ ឆ្នាំមុន ពីការលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"កាលពី ១០ ឆ្នាំមុនរហូតដល់ការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិជាបន្តបន្ទាប់ ទ្វារនៃការបើកទូលាយរបស់ប្រទេសចិន នឹងមានភាពកាន់តែទូលំទូលាយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ក្នុងនោះបូករួមទាំងក្រុមប្រជាជនចំណូលមធ្យមចំនួនលើសពី ៤ រយលាននាក់ព្រមទាំងត្រូវបានពង្រីកជាបន្តបន្ទាប់ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ក៏ដូចជាឧស្សាហកម្មផលិតកម្មរបស់ចិនដែលមាន ប្រភេទឧស្សាហកម្មច្រើនបំផុតនិងប្រព័ន្ធឧស្សាហកម្មពេញលេញបំផុត លើទូទាំងពិភពលោក បានបន្តបង្ហាញពីសក្តានុពលនៃទីផ្សារក្នុងស្រុក ជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា នៃការនាំចូលនិងនាំចេញ ពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគគ្នាទៅវិញទៅមក ព្រមនិងពាណិជ្ជកម្មនិងឧស្សាហកម្ម ជំរុញយ៉ាងមុតមាំនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ក្នុងន័យជំរុញជាបន្តបន្ទាប់ឱ្យការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច រីកចម្រើនទៅកាន់ទិសដៅប្រកបដោយភាពបើកទូលាយ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតុល្យភាពនិងឈ្នះ-ឈ្នះ ។

អ្នកផងទាំងពួងបានដឹងជាទូទៅថា តាំងពីចូលឆ្នាំនេះមក ការស្តារសេដ្ឋកិច្ចសកលឡើងវិញមាននិន្នាការមិនសូវនឹងនរ ពាណិជ្ជកម្មសកលក៏ប្រឈមនឹងនិន្នាការធ្លាក់ចុះផងដែរ។ ក្នុងសភាពការណ៍បែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅ បីត្រីមាសដើមឆ្នាំនេះ នៅតែរក្សាបាននូវនិន្នាការដ៏ល្អប្រសើរដដែល។ តាមទិន្នន័យបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ គឺជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនពង្រីកការនាំចូល គឺបានបន្ថែមឱកាសនាំចេញ សម្រាប់បណ្តាប្រទេសនានាលើពិភពលោក ហើយក៏អាចបំពេញបន្ថែមនូវកម្លាំងចលករដល់កំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសនានាផងដែរ។

លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកច្រើនសារថា ទ្វារនៃការបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងមានភាពកាន់តែទូលំទូលាយ។ ជានិច្ចកាល ប្រទេសចិនតែងតែជាប្រភពនៃកម្លាំងចលករប្រកបដោយស្ថិរភាព សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងជាទីផ្សារធំដែលប្រកបដោយភាពរស់រវើក សម្រាប់ឱ្យបណ្តាប្រទេសនានាត្រួសត្រាយឱកាសពាណិជ្ជកម្ម ការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិន នឹងជំរុញឱ្យប្រទេសនានានិងភាគីនានាចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន ថែមមួយកម្រិតទៀត។

"ផ្កាមួយទងរីកតែឯងមិនមែននិទាឃរដូវទេ ផ្កាគ្រប់ប្រភេទរីកស្គុះស្គាយទើបជានិទាឃរដូវពេញសួនច្បារ "។ ដោយឡែកទីផ្សារធំរបស់ប្រទេសចិនគួរតែនាំមក នូវឱកាសកាន់តែធំដល់ពិភពលោក ដើម្បីធ្វើឱ្យសមិទ្ធផលអភិវឌ្ឍន៍អាចផ្តល់ ផលប្រយោជន៍កាន់តែច្រើន និងកាន់តែស្មើភាពដល់ប្រជាជននៃបណ្តាប្រទេសនានា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន