(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Vo Van Thuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះក្នុងគោលបំណង បន្តបង្ហាញសញ្ញាច្បាស់លាស់មួយដល់ពិភពលោក ពោលគឺ ចិននឹងបន្តខិតខំក្នុងការរួមគ្នាបង្កើតសហគមន៍រួមវាសនាក្នុងតំបន់ជុំវិញ ដើម្បីបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍឱ្យរុងរឿង ជាស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបញ្ចូលភាពប្រាកដប្រាជា និងស្ថិរភាពកាន់តែច្រើនឡើងដល់ស្ថានភាពពិភពលោក ដែលកំពុងជួបនឹងភាពចលាចល។

បច្ចុប្បន្ននេះ ការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានកំពុងដំណើរការ។ រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន បានសហប្រតិបត្តិការគ្នានិងឈ្នះ-ឈ្នះ សាមគ្គីគ្នាខិតខំដោយម្ចាស់ការ ទំហំបណ្តាក់ទុនគ្នាទៅវិញទៅមកសរុបបានលើសពី ៣៨ម៉ឺនលានដុល្លាអាមេរិក ដែលបាននាំមកនូវកម្លាំងចលករដ៏រស់រវើកខ្លាំង ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។

ឆ្នាំ២០២៣នេះ ផ្លូវដែកល្បឿនលឿនរវាងក្រុងហ្សាការតានិងក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ីបានដំណើរការជាផ្លូវការដោយល្អរលូន ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន បានអបអរខួប១០ឆ្នាំនៃការកសាង ពិព័រណ៍ចិន-អាស៊ាន ផ្សាណាត់ក្វាំងចូវ ពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ បានបន្តបើកធ្វើដោយជោគជ័យ។ល។ ប្រទេសចិននិងអាស៊ាន ក៏ដូចជាប្រទេសចំនួន២៨នៅជុំវិញ បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការ ដែលរបៀបច្រើនបែបយ៉ាងហើយសម្បូរអត្ថន័យ ប្រទេសចិនបាននិងកំពុងជំរុញការអភិវឌ្ឍក្នុងតំបន់ជុំវិញ តាមរយៈការអភិវឌ្ឍរបស់ខ្លួន ហើយចិននិងប្រទេសក្នុងតំបន់រួមគ្នា ជំរុញដំណើរការធ្វើទំនើបកម្ម ដើម្បីចាក់បន្ថែមកម្លាំងចលករដល់ ការអភិវឌ្ឍលើពិភពលោក។

«យើងគួរពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល រួមគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបើកទូលាយ រស់រវើក រឹងមាំ និងសន្តិភាព ដើម្បីសម្រេចនូវវិបុលភាពរួមគ្នារបស់ប្រជាជនអាស៊ី-ប៉ាស៊ីហ្វិកនិងកូនចៅជំនាន់ក្រោយៗទៀត »-- នេះជាការរំពឹងទុករបស់លោក Xi Jinping ចំពោះ៣០ឆ្នាំមាសបន្ទាប់នៃការអភិវឌ្ឍតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

【អនាគតរបស់តំបន់អាស៊ីស្ថិតនៅក្នុងដៃរបស់ប្រជាជនអាស៊ី។】--- លោក Xi Jinping
【ប្រទេសចិននឹងធ្វើឱ្យការធ្វើទំនើបកម្មតាមបែបផែនចិន ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់តំបន់ជុំវិញ រួមគ្នាជំរុញដំណើរការទំនើបកម្មនៃអាស៊ី ផ្តល់ឱកាសអភិវឌ្ឍន៍ថ្មីដល់បណ្តាប្រទេសអាស៊ី។】 --- លោក Xi Jinping៕