(ម៉ិកស៉ិក)៖ គណៈកម្មកាជួយសង្រ្គោះអន្តរជាតិ (IRC) បានលើកឡើងក្នុងរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា បម្រែបម្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធកាន់តែយ៉ាប់យ៉ឺន ការកើនឡើងនៃបន្ទុកបំណុល រួមទាំងការបង្រួញការគាំទ្រជាអន្តរជាតិ នឹងធ្វើវិបត្តិមនុស្សធម៌ទូទាំងពិភពលោក កាន់តែធ្ងន់ធ្ងរនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងរបាយការណ៍តាមដានស្ថានភាពអាសន្នឆ្នាំ ២០២៤ របស់ខ្លួន IRC ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានចង្អុលបង្ហាញទៅលើប្រទេសចំនួន ២០ ដោយភាគច្រើននៅក្នុងទ្វីបអាហ្រ្វិក ថាមានហានិភ័យខ្ពស់បំផុត នៃស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅឆ្នាំ ២០២៤។ របាយការណ៍នេះធ្វើឡើង បន្ទាប់ពីចំនួនមនុស្សត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២៣ កើនឡើងដល់៣០០លាននាក់ ខណៈអ្នកដែលត្រូវបានបង្ខំឲ្យភៀសខ្លួនកើនឡើងដល់ចំនួន ១១០លាននាក់។

ដោយអំពាវនាវឲ្យមានចាប់អារម្មណ៍បន្ថែមទៀត លើការសម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការផ្តល់ជំនួយដល់ប្រជាជន ការគាំទ្រសម្រាប់ជនភៀសខ្លួន និងសកម្មភាពដើម្បីទប់ស្កាត់និទណ្ឌភាព ប្រធាន IRC លោក David Miliband បានគូសបញ្ជាក់ក្នុងរបាយការណ៍នោះថា «នេះគឺជាពេលវេលាដ៏អាក្រក់បំផុត»

គួរបញ្ជាក់ថា ស៊ូដង់ជាប់ចំណាត់ថ្នាក់កំពូល នៅក្នុងបាយការណ៍តាមដាស្ថានភាពគ្រាអាសន្នរបស់ IRC តាមពីក្រោយដោយដែនដីប៉ាឡេស្ទីន និងស៊ូដង់ខាងត្បូង។ នៅក្រោមពួកគេគឺមានប្រទេសចំនួន៩ នៃតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ា ខណៈនៅអាស៉ី មានមីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន, នៅមជ្ឈិមបូព៌ា មានស៉ីរី លីបង់ និងយេម៉ែន, នៅអឺរ៉ុប មានអ៊ុយក្រែហើយន នៅតំបន់ការីបៀន មានអាមេរិកខាងត្បូង អេក្វាឌ័រ និងហៃទី។

ដែនដីទាំង ២០នេះស្មើនឹង ១០% នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែស្មើនឹង ៨៦% នៃតម្រូវការមនុស្សធម៌សកល ព្រមទាំង៧០% នៃប្រជាជនផ្លាស់ទីលំនៅ ហើយជាចំណែកកាន់តែរីកធំឡើង នៃអ្នកដែលប្រឈមមុខនឹងភាពក្រីក្រ និងហានិភ័យអាកាសធាតុខ្លាំង៕

រូបភាពពី Reuters