(ប៉េកាំង)៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅកាណាដា បានឲ្យដឹងថា ចិនសូមថ្កោលទោសការគាំទ្រ របស់កាណាដាចំពោះហ្វីលីពីន ជុំវិញអ្វីដែលខ្លួនចាត់ទុកថាជាការរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន នៅតំបន់មានវិវាទសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ឧប្បត្តិហេតុកាលពីចុងសប្តាហ៍មុន ដែលទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិន ថាបានប្រើកាណុងបាញ់ទឺក មកលើកប៉ាល់ផ្គត់ផ្គង់របស់ខ្លួនម្តងហើយម្តងទៀតដោយចេតនា នៅជិតចំណុចមានវិវាទនៃសមុទ្រចិនខាងត្បូង។ ក្រោយមក រដ្ឋាភិបាលកាណាដាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះសកម្មភាពរបស់ចិន។

អ្នកនាំពាក្យស្ថានទូតចិននៅកាណាដា បានកត់សម្គាល់ថា «ក្នុងនាមជាប្រទេសមួយនៅក្រៅតំបន់ កាណាដាធ្លាប់ផ្តល់យោបល់ ឲ្យហ្វីលីពីនជុំវិញបញ្ហាអធិបតេយ្យភាពរបស់ចិន ការរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅកាណាដា បានគូសបញ្ជាក់ថា «សមុទ្រចិនខាងត្បូង គឺរបស់មនុស្សជាតិរស់នៅលើផែនដីនេះ ហើយមិនគួរក្លាយជាកន្លែងប្រមាញ់សម្រាប់កាណាដា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីបន្តផលប្រយោជន៍ភូមិសាស្ត្រនយោបាយ របស់ពួកគេនោះទេ»

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ចិននិងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាជាច្រើន ជាពិសេសនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង៕