(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួនបានចល័តក្រុមយន្តហោះចម្បាំងឡើងទៅផ្ទៃអាកាស ខណៈដែល​យន្តហោះយោធាចិន២គ្រឿង រួមជាមួយយន្តហោះយោធារុស្ស៉ី៤គ្រឿង បានបើកហោះចូលមកក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ហៅកាត់ថា KADIZ របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

កូរ៉េខាងត្បូងបាននិយាយថា ក្រុមយន្តហោះយោធាចិននិងរុស្ស៉ី បានហោះចូលនិងចាកចេញពីតំបន់ KADIZ នៅលើសមុទ្រខាងកើត (សមុទ្រជប៉ុន) ចាប់ពីខ្ទង់ម៉ោង១១៖៥៣នាទីព្រឹក ដល់ម៉ោង១២៖១០នាទីថ្ងៃត្រង់ ប៉ុន្តែពុំមានការរំលោភដែនអាកាសកើតឡើងឡើយ។ យោធាកូរ៉េខាងត្បូងបានបន្ថែមថា ខ្លួនតែងតាមដានយន្តហោះប្រទេសដទៃ មុនពេលពួកវាហោះចូលតំបន់ KADIZ រួចហើយចល័ត​ក្រុមយន្តហោះចម្បាំងរបស់កងទ័ពអាកាសខ្លួន ដើម្បីចាត់វិធានការតាក់ទិច ត្រៀមសម្រាប់ស្ថានការណ៍បន្ទាន់ផ្សេងៗ។ ចិននិងរុស្ស៉ីគឺជា​សម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កូរ៉េខាងជើង ខណៈសហរដ្ឋអាមេរិកបានព្រមាន ពីភាពជិតស្និទ្ធខ្លាំងឡើងនៃទំនាក់ទំនងទីក្រុងព្យុងយ៉ាង​ជាមួយទីក្រុងមូស្គូ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំនេះ កូរ៉េខាងត្បូង បានចល័តយន្តហោះចម្បាំងឡើងលើផ្ទៃអាកាស ឆ្លើយតបចំពោះវត្តមានរបស់ក្រុម​យន្តហោះយោធាចិននិងរុស្សី នៅក្បែរដែនអាកាសរបស់ខ្លួន ស្របពេលដែលប្រទេសទាំងពីរ បានធ្វើប្រតិបត្តិការល្បាតដែនអាកាសរួមគ្នា ​នៅលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត។ រីឯកាលពីខែវិច្ឆិកា ឆ្នាំមុន យន្តហោះយោធាមកពីចិននិងរុស្ស៉ី ក៏បានហោះចេញចូលតំបន់ KADIZ របស់កូរ៉េខាងត្បូងផងដែរ ហើយញ៉ាំងឱ្យទីក្រុងសេអ៊ូលឆ្លើយតប ដោយចល័តយន្តហោះចម្បាំងរបស់ខ្លួន។ យ៉ាងណាមិញ ស្រដៀងនឹងហេតុការណ៍នាថ្ងៃព្រហស្បតិ៍នេះដែរ គឺអំលុងសកម្មភាពទាំង២ពេលនោះ ពុំមានការបំពានចូលដែនអាកាសកូរ៉េខាងត្បូងតែម្តង កើតឡើងឡើយ៕

រូបភាពពី Reuters