(ប៉ារីស)៖ ការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនាថ្ងៃព្រហស្បតិ៍នេះ របស់អង្គការអ្នកកាសែតគ្មានព្រំដែន ហៅកាត់ RSF បានបង្ហាញថា ចំនួនអ្នកកាសែតដែលបានបាត់បង់ជីវិតពេលកំពុងបំពេញភារកិច្ច បានថយចុះក្នុងឆ្នាំនេះ បើទោះបីជាសង្រ្គាមថ្មីបានផ្ទុះឡើងនៅតំបន់ Gaza Strip ហើយផ្តាច់ជីវិតអ្នកកាសែតមួយចំនួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

RSF បាននិយាយក្នុងរបាយការណ៍ថា អំលុងពេល១១ខែនៃឆ្នាំ២០២៣ អ្នកកាសែតសរុបចំនួន៤៥នាក់ ត្រូវបានសម្លាប់ពេលកំពុងបំពេញ​ការងាររបស់ខ្លួន ខណៈតួលេខនេះគឺជាការថយចុះ ធៀបនឹងចំនួនអ្នកកាសែតសរុប៦១នាក់ស្លាប់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ វាក៏ជាតួលេខទាបបំផុតផងដែរ គិតចាប់តាំងពីតួលេខអ្នកកាសែតស្លាប់៣៣នាក់ កាលពីឆ្នាំ២០២២ ហើយមូលហេតុចម្បង គឺដោយសារតែ​ការថយចុះច្រើន នៅឯតំបន់អាមេរិកឡាទីន។

ស្របពេលអ្នកកាសែតសរុបប្រហែល ៦៣នាក់បានស្លាប់ នៅមជ្ឈិមបូព៌ា គិតចាប់តាំងពីការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ក៏ដោយ មានតែ១៧ករណីក្នុងចំណោមនោះប៉ុណ្ណោះ ដែលស្ថិតក្រោមការកំណត់និយមន័យរបស់​អង្គការ RSF។ ក្នុងចំណោម១៧នាក់ ដែល RSF រាប់ថាត្រូវបានសម្លាប់ ពេលកំពុងអនុវត្តការងារវិជ្ជាជីរៈរបស់ខ្លួន នៅមជ្ឈិមបូព៌ា គិតចាប់តាំង​ពីថ្ងៃទី៧ ខែតុលាមក ១៣នាក់បានស្លាប់ ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល នៅតំបន់ Gaza, ៣នាក់ស្លាប់ នៅលីបង់ និង​ម្នាក់ស្លាប់នៅអ៉ីស្រាអែល ក្រោមដៃពួកហាម៉ាស។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានសម្លាប់អ្នកកាសែត២នាក់ នៅក្នុងឆ្នាំ២០២៣នេះ ខណៈសរុប១១នាក់ ត្រូវបានសម្លាប់គិតតាំងពី ​សង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រីឯនៅតំបន់អាមេរិកឡាទីន ចំនួនអ្នកកាសែតស្លាប់បានថយចុះខ្លាំង ដោយមានត្រឹម៦នាក់ប៉ុណ្ណោះក្នុងឆ្នាំនេះ ធៀបនឹង២៦នាក់ កាលពីឆ្នាំ២០២២។ បើតាម RSF អ្នកកាសែតចំនួន៨៤នាក់ ក៏បានបាត់បង់ខ្លួននៅទូទាំងពិភពលោកផងដែរ ហើយចំនួនអ្នកកាសែតដែលជាប់ឃុំឃាំង បានថយចុះពី៥៦៩នាក់ កាលពីឆ្នាំ២០២២​ មកនៅ៥៦៩នាក់ ក្នុងឆ្នាំ២០២៣៕

រូបភាពពី AFP