(តូក្យូ)៖ ក្រុមប្រមុខការពារជាតិនៃចក្រភពអង់គ្លេស ជប៉ុន និងអ៉ីតាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទាំង៣ បានចុះសន្ធិសញ្ញាអន្តរជាតិ​ជាផ្លូវការហើយ ដើម្បីបង្កើតកម្មវិធីរួមមួយ ដែលសំដៅអភិវឌ្ឍយន្តហោះចម្បាំងទំនើបជំនាន់ថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងខាងលើត្រូវសម្រេចបានជាផ្លូវការ នៅរយៈពេលប្រមាណជា១ឆ្នាំ បន្ទាប់ពីប្រទេសទាំង៣ បានប្រកាសពីកិច្ចសហប្រតិបត្តិការ​ឧស្សាហកម្មការពារជាតិលក្ខណៈធំ ជាលើកដំបូងជាមួយគ្នា តាមរយៈការរួមបញ្ចូលកិច្ចប្រឹងប្រែងដាច់ឡែក របស់ទីក្រុងឡុងដ៍ព្រមទាំងទីក្រុងតូក្យូ ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី។ សភាប្រទេសនីមួយៗ នឹងចាំបាច់ត្រូវផ្តល់សច្ចាប័នចំពោះកិច្ចព្រមព្រៀងនេះ ដែលមានគោលដៅ​ចង់មើលឃើញ យន្តហោះចម្បាំងជំនាន់ថ្មីនោះ អាចចាប់ផ្តើមហោះហើរបាន នៅអំលុងឆ្នាំ២០៣៥។ សម្រាប់ដំណាក់កាលអភិវឌ្ឍរួមនៃកម្មវិធីនេះ គឺនឹងចាប់ផ្តើមនៅឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាស ដែលធ្វើឡើងរួមគ្នាដោយរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara, រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps និងរដ្ឋមន្រ្តីការពារជាតិអ៉ីតាលី លោក Guido Crosetto នៅទីក្រុងតូក្យូ​ ទាំងទីស្នាក់ការកណ្តាលរដ្ឋាភិបាល​របស់កម្មវិធី Global Combat Air Programme (GCAP) និងទីស្នាក់ការកណ្តាលឧស្សាហកម្មរបស់ GCAP គឺនឹងមានមូលដ្ឋាន​នៅចក្រភពអង់គ្លេសទាំងអស់។ រីឯនាយកប្រតិបត្តិដំបូងនៃអង្គការរដ្ឋាភិបាលរបស់ GCAP នឹងមកពីខាងជប៉ុន ខណៈមេដឹកនាំដំបូងនៃអង្គការធុរកិច្ចរបស់ GCAP នឹងមកពីខាងអ៉ីតាលី។

គួរបញ្ជាក់ថា ក្រុមហ៊ុនអង់គ្លេស BAE Systems, ក្រុមហ៊ុនអ៉ីតាលី Leonardo, ក្រុមហ៊ុនផលិតមីស៉ីល MBDA និងក្រុមហ៊ុនផលិតម៉ាស៉ីន Rolls-Royce របស់អឺរ៉ុប គឺជាក្រុមហ៊ុនចូលរួមពាក់ព័ន្ធក្នុងកម្មវិធីខាងលើ ខណៈបើតាមសេចក្តីរាយការណ៍របស់ Reuters ក្រុមហ៊ុនមួយចំនួនទៀត ដូចជា Mitsubishi Heavy Industries, Mitsubishi Electric Corp ព្រមទាំង IHI Corp និង Avio Aero ក៏ត្រូវចូលរួមផងដែរ៕

រូបភាពពី Reuters