(កៀវ)៖ យោធាអ៊ុយក្រែនបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃពុធ-ព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានបាញ់ដ្រូនសរុប៤២គ្រឿង និងមីស៉ីលចំនួន​៦គ្រាប់មកលើអ៊ុយក្រែន ខណៈប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ស្កាត់ដ្រូន៤១គ្រឿង ប៉ុន្តែ​អគារមួយចំនួនបានរងការខូចខាត​ ហើយប្រជាជនស៉ីវិលម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស នៅតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែន បានបង្ហោះសារលើប្រព័ន្ធ Telegram ថា ប្រព័ន្ធការពារដែនអាកាស បាញ់ទម្លាក់បាន៤១គ្រឿង នៃដ្រូនប្រភេទ Shahed-136/131 សម្រាប់វាយប្រហារ ទាំង៤២គ្រឿង ដែលរុស្ស៉ីបញ្ជូនមក ហើយភាគច្រើននៃពួកវា គឺត្រូវបានបាញ់ទម្លាក់នៅលើតំបន់ Odesa។ យោធាអ៊ុយក្រែនបានបន្តថា បំណែកដ្រូនដែលត្រូវបានបាញ់ស្កាត់ទាំងនោះ បានបង្កឱ្យអគារប្រហែលជាង១០ខ្នង រងការខូចខាត នៅ Odesa និងជនស៉ីវិល១១នាក់ ក្នុងនោះរួមមានកុមារ៣នាក់ រងរបួស។

យ៉ាងណាមិញ ខាងសេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែនបានឱ្យដឹងថា អំលុងការវាយប្រហារខាងលើនៅតំបន់ Kherson ដែលនៅក្បែរខាងគ្នា មនុស្សម្នាក់បានបាត់បង់ជីវិត ហើយមណ្ឌលសុខភាព លំនៅឋានឯកជន និងយានដ្ឋាន ត្រូវបានបំផ្លិចបំផ្លាញ។ ជាមួយគ្នានេះ បើតាមយោធាអ៊ុយក្រែន រុស្ស៉ីក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅតំបន់ទន្លេ Danube ថែមទៀតផង ហើយឃ្លាំងមួយចំនួនសម្រាប់​ស្តុកគ្រាប់ធញ្ញជាតិ បានរងការខូចខាត។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ រុស្ស៉ីក៏បានធ្វើសកម្មភាពវាយប្រហារដោយមីស៉ីល យ៉ាងហោច២លើក ទៅលើរដ្ឋធានីរបស់អ៊ុយក្រែន គឺទីក្រុងកៀវផងដែរ។ ក្នុងវាយប្រហារដោយមីស៉ីលបាលិស្ទីគរបស់រុស្ស៉ី ចំនួន៨គ្រាប់កាលពីថ្ងៃចន្ទ លើទីក្រុងកៀវ មនុស្ស៤នាក់បានរងរបួស ខណៈ​ការវាយប្រហារដោយមីស៉ីលប្រមាណ១០គ្រាប់ កាលពីថ្ងៃពុធ បានបណ្តាលឱ្យមនុស្ស៥៣នាក់របួស៕

រូបភាពពី AFP