(តៃប៉ិ)៖ គណបក្ស Kuomintang (KMT) ដែលជាបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់​របស់ខ្លួន កំពុងស្ថិតនៅប្រទេសចិន ដើម្បីជួបជាមួយសហគមន៍តៃវ៉ាន់នៅទីនោះ ខណៈដែលការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មីនៅកោះតៃវ៉ាន់ នឹងត្រូវរៀបចំឡើងនាដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចខាងលើរបស់ អនុប្រធានគណបក្ស KMT លោក Andrew Hsia ដែលជាអតីតអ្នកការទូតតៃវ៉ាន់ និងធ្លាប់ជាប្រធាននៃ​ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការ ពាក់ព័ន្ធប្រទេសចិនរបស់តៃវ៉ាន់ គឺកើតមានឡើងចំពេលដែលគណបក្សរបស់លោក កំពុងតែខំព្យាយាមស្វែងរក​ការបង្រួមគម្លាតសំឡេងគាំទ្រនាំមុខ របស់គណបក្សកាន់អំណាច DPP នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងតំណាងរាស្រ្តតៃវ៉ាន់ ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្ស KMT លោក Hsia ដែលបានទៅដល់ប្រទេសចិន កាលពីថ្ងៃពុធសប្តាហ៍នេះ កំពុងបំពេញ​ទស្សនកិច្ចនៅទីក្រុង Chengdu, Nanchang, Zhongshan, Xiamen និង Chongqing តបតាមការអញ្ជើញពីសំណាក់ សហគមន៍ធុរកិច្ចតៃវ៉ាន់នៅក្នុងប្រទេសចិន ហើយលោកនឹងចូលរួមព្រឹត្តិការណ៍ផ្សេងៗ ជាមួយពួកគេ។ គណបក្ស Kuomintang ប្រកាន់និន្នាការចង់ឱ្យតៃវ៉ាន់ មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា១ឆ្នាំកន្លះមកនេះ លោក Hsia ធ្លាប់បានទៅប្រទេសចិនយ៉ាងហោច៣លើក រួមមានទាំងដំណើរ​ទស្សនកិច្ចចម្រូងចម្រាស កាលពីខែសីហា ឆ្នាំ២០២២ ដែលកើតមានមិនយូរប៉ុន្មាន ក្រោយចិនបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់ ឆ្លើយតបការបំពេញទស្សនកិច្ចមកកាន់ទីក្រុងតៃប៉ិ របស់លោកស្រី Nancy Pelosi ដែលកាលនោះមានតួនាទីជា ​ប្រធានសភាតំណាងរាស្រ្តអាមេរិក៕

រូបភាពពី Reuters