(ព្រុចសែល)៖ បណ្តាមេដឹកនាំសហភាពអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំដ៏សំខាន់មួយស្តីពីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបានរារាំងការចាប់ផ្តើមកិច្ចចរចាចូលជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងជំនួយហិរញ្ញវត្ថុ ៥៤ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ កើតមានឡើងក្នុងពេលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី មិនទទួលបានជោគជ័យជាដុំកំភួន ហើយរដ្ឋបាលលោក បៃដិន រហូតមកដល់ពេលនេះ ក៏មិនអាចទទួលបានការអនុម័តពីសភា នូវកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ប្រសិនបើមេដឹកនាំ EU អាចឈានដល់ការផ្តល់ភ្លើងបៃតងជុំវិញការចរចាស្តីពីសមាជិកភាព និងកញ្ចប់ជំនួយហរិញ្ញវត្ថុរយៈពេល ៤ឆ្នាំសម្រាប់អ៊ុយក្រែនមែន នោះ ទីក្រុងកៀវនឹងអាចដណ្តើមបានជ័យជម្នះខាងភូមិសាស្ត្រនយោបាយមកវិញ។

បណ្តាដឹកនាំនៃប្រទេសទាំង ២៧ របស់ EU លើកលែងតែ លោក Orban បានគាំទ្រឲ្យមានការចាប់ផ្តើមកិច្ចចរចាស្តីពីសមាជិកភាពអ៊ុយក្រែន។ ប៉ុន្តែ ការសម្រេចចិត្តបែបនេះតម្រូវឲ្យមានការឯកភាពគ្នាជាឯកច្ឆន្ទ ហើយហុងគ្រីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមូស្គូ បានជំទាស់ថាអ៊ុយក្រែន មិនទាន់ត្រៀមលក្ខណៈរួចរាល់ទេ។ ក្រុមមន្ត្រីនិងអ្នកការទូតបាននិយាយថា ពួកគេកំពុងត្រៀមរៀបចំកិច្ចប្រជុំដ៏តានតឹងមួយ ដែលអាចប្រព្រឹត្តទៅ នៅយប់ថ្ងៃសុក្រ ឬរហូតដល់ចុងសប្តាហ៍។

គួរបញ្ជាក់ថា គណៈកម្មាការអឺរ៉ុប បានផ្តល់អនុសាសន៍កាលពីខែវិច្ឆិកា ថាមេដឹកនាំសហភាពអឺរ៉ុបយល់ព្រមចាប់ផ្តើមកិច្ចចរចា ស្តីពីការចូលជា សមាជិករបស់អ៊ុយក្រែន។ ការសម្រេចចិត្តជាឯកច្ឆន្ទលើកទី២ ក្នុងចំណោមសមាជិកទំាង២៧ នៅតែត្រូវការឲ្យសម្រេចបាន អាចនៅក្នុងខែមីនា ឆ្នាំ២០២៤ ដើម្បីឯកភាពលើក្របខណ្ឌចរចាផ្លូវការ៕

រូបភាពពី Reuters