(ហ្កាហ្សា)៖ អ៉ីស្រាអែល កាលពីថ្ងៃពុធ ទី១៣ ខែធ្នូនេះបានប្រកាសពីខាតបង់ធ្ងន់ធ្ងរបំផុតរបស់ខ្លួននៅក្នុងសមរភូមិ ក្នុងរយៈពេលជាង១ខែ មកនេះ បន្ទាប់ពីរងការវាយឆ្មក់ពីក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងកំពុងប្រឈមមុខនឹងភាពឯកោខាងការទូតចំពោះមុខការអំពាវនាវឱ្យមាន បទឈប់បាញ់ និងសម្ពាធពីអន្តរជាតិ ពាក់ព័ន្ធនឹងការបាត់បង់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

អ៉ីស្រាអែលបានរាយការណ៍ថាទាហានរបស់ខ្លួន ១០នាក់បានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយនេះគឺជាការបាត់បង់ ទាហានច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីទាហានអ៉ីស្រាអែល ១៥នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃទី៣១ ខែតុលា។ ទាហានទាំង ១០នាក់នេះភាគច្រើនត្រូវបានសម្លាប់ក្នុងស្រុក Shejaia នៃទីក្រុងហ្កាហ្សានៃភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែលពួកគេត្រូវបានលួច វាយឆ្មក់ អំឡុងព្យាយាមជួយសង្រ្គោះទាហានមួយក្រុមផ្សេងទៀត ដែលត្រូវបានវាយប្រហារដោយក្រុមហាម៉ាស នៅក្នុងអគារមួយ។ ជារួម មកទល់នឹងពេលនេះ ទាហានអ៉ីស្រាអែល ១១៥នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សា។

យ៉ាងណាក៏ដោយ ថ្លែងទៅកាន់ទាហានអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា តាមវិទ្យុទាក់ទង លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើសង្រ្គាម បើទោះជាមានសម្ពាធពីអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ។ «យើងនឹងបន្តការប្រយុទ្ធ រហូតដល់ទីបញ្ចប់ រហូតដល់ទទួលជ័យជម្នះ និងរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ទេច។ ខ្ញុំនិយាយបែបនេះនៅចំពោះមុខការឈឺចាប់ និង សម្ពាធអន្តរជាតិ។ តែគ្មានអ្វីអាចមកបញ្ឈប់ពួកយើងបានឡើយ»។ នេះជាការបញ្ជាក់ច្បាស់ៗរបស់លោក Netanyahu។

គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស មានសភាពកាន់តែសាហាវទាំងនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់ ហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតប្រឆាំងនឹងការអំពាវនាវឱ្យមានបទឈប់បាញ់នៅឯអង្គការសហប្រជាជាតិ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានឆ្លៀតព្រមានលោក Netanyahu ដែរថាអ៉ីស្រាអែលកំពុងបាត់បង់ការគាំទ្រ ពីអន្តរជាតិ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ហ្កាហ្សា៕

រូបភាពពី Reuters