(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថារុស្ស៉ីកំពុងមើលឃើញពីការធ្លាក់ចុះនៃការគំាទ្រផ្នែកយោធា របស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងបរាជ័យនៅលើសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

លោក Peskov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី កាលពីថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីលោក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកជំនួយយោធាថ្មីទំហំ ៦០ពាន់លានដុល្លារ ដែលកំពុងរង់ចំាការអនុម័តពីសភាអាមេរិក។ លោក Peskov បានគូសបញ្ជាក់ដូច្នេះថា «របបដឹកនាំទីក្រុងកៀវ ធ្លាប់បានថាសន្យាជាមួយសហរដ្ឋអាមេរិកថាបើពួកគេទទួលបានជំនួយ ១០០ពាន់លានដុល្លារ នោះពួកគេនឹងយកឈ្នះនៅសមរភូមិ។ តែឥលូវអាមេរិកបានយល់ថាពួកគេនិយាយកុហក ដោយមិនមានឡើយជ័យជម្នះនៅសមរភូមិ ហើយជាការពិតណាស់កងកម្លាំងអ៊ុយក្រែន កំពុងបាត់បង់មូលដ្ឋានរបស់ខ្លួនយ៉ាងឆាប់រហ័ស។ នេះជារឿងដែលចៀសមិនរួច»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះបានបិទបញ្ចប់ទៅដោយមិនទាន់មាន ការប្ដេជ្ញាចិត្តថ្មីបន្ថែមពីសហរដ្ឋអាមេរិក ចំពោះការគាំទ្រសម្រាប់អ៊ុយក្រែននោះទេ។ ចំណែក ប្រធានសភាតំណាងរាស្ត្រអាមេរិកនៃ គណបក្សសាធារណរដ្ឋ លោក Mike Johnson ត្រូវបានរាយការណ៍ថានឹងមិនយល់ព្រមលើសំណើស្នើសុំកញ្ចប់ជំនួយយោធា ៦១.៤ពាន់លានដុល្លាររបស់លោក ចូ បៃដិន សម្រាប់អ៊ុយក្រែនដោយងាយៗនោះទេ៕

រូបភាពពី AFP