(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តលើការអនុញ្ញាតជាផ្លូវការចំពោះ ការស៊ើបអង្កេត ដែលកំពុងធ្វើឡើងដើម្បីចោទប្រកាន់ដកតំណែងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ខណៈក្រុមអ្នកសាធារណរដ្ឋបានរួមដៃគ្នា នៅក្រោយ កិច្ចការងារមួយនេះ បើទោះជាពួកគេមិនទាន់មានភស្តុតាងគ្រប់គ្រាន់បង្ហាញពីកំហុសរបស់លោក បៃដិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២២១ ទល់នឹង២១២សំឡេងជំទាស់ ក្នុងការអនុញ្ញាត​លើ ការស៊ើបអង្កេតស្វែងរកការពិតថាតើលោក ចូ បៃដិន ពិតជាបានទទួលផលចំណេញមិនត្រឹមត្រូវពីមុខជំនួញនៅបរទេសនៃកូនប្រុសរបស់លោក គឺលោក Hunter Biden ដែរ ឬក៏យ៉ាងណា? ការបោះឆ្នោតនេះទៀតសោតកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Hunter Biden បានបដិសេធការកោះហៅ ឱ្យធ្វើសក្ខីកម្មក្នុងសវនាការបិទទ្វារមួយ។

គួរបញ្ជាក់ថា សេតវិមាន ក៏បានចេញមុខច្រានចោលការស៊ើបអង្កេត ដើម្បីចោទប្រកាន់ដកតំណែងលោក ចូ បៃដិន ផងដែរ ដោយចោទថាមានចរិតនយោបាយ និងគ្មានភស្តុតាង ស្របពេលលោក បៃដិន កំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ដែលត្រូវបាន ក្រុមអ្នកវិភាគខ្លះយល់ថាលោកអាចនឹងត្រូវតតាំងជាមួយលោក ដូណាល់ ត្រាំសាជាថ្មី។ មួយវិញទៀត ការស៊ើបអង្កេតរបស់គណបក្សសាធារណរដ្ឋសឹងតែមិន មានឱកាសដកតំណែងលោក បៃដិនបាននោះទេ។ ពោលបើទោះជាសភាតំណាងរាស្ត្របោះឆ្នោតចោទប្រកាន់ដកតំណែងលោក បៃដិន ក៏ដោយ ក៏ព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអាចនឹងរាំងខ្ទប់ការប៉ុនប៉ងនេះ ដូចដែលព្រឹទ្ធសភាអាមេរិកពីមុនក្រោមការដឹកនាំដោយ គណបក្សសាធារណរដ្ឋ ធ្លាប់បានការពារលោក ដូណាល់ ត្រាំ ដូច្នោះដែរ។

ដើម្បីបោះឆ្នោតចោទប្រកាន់ដកតំណែងលោក បៃដិន ព្រឹទ្ធសភាត្រូវរកឱ្យបាននូវសំឡេងគាំទ្រ ២ភាគ៣ ដែលសំឡេងនេះមិនអាចទៅរួចទេ ក្នុងពេលដែល ព្រឹទ្ធសភាអាមេរិកសព្វថ្ងៃគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដែលមានសំឡេងឆ្នោតនៅក្នុងដៃ ៥១ ទល់នឹង៤៩សំឡេងរបស់គណបក្សសាធារណរដ្ឋ៕

.

រូបភាពពី Reuters