(វ៉ាស៊ីនតោន)៖ ការប៉ះទង្គិចគ្នាកាលពីចុងសប្ដាហ៍មុនរវាងនាវាឆ្មាំសមុទ្រចិន និងទូករបស់ហ្វីលីពីន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ត្រូវបាន ក្រុមអ្នកវិភាគព្រមានថាជាការបញ្ជូនសារមួយថាការប្រឈមមុខដាក់គ្នារវាងប្រទេសទាំង២ កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ អាចនឹងដល់ចំណុច មួយមានការបាត់បង់ជីវិតមនុស្ស និងអាចអូសមហាអំណាចយោធា ២ គឺសហរដ្ឋអាមេរិក និងចិនឱ្យធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធដោយផ្ទាល់។

ក្រុមអ្នកវិភាគបានចាត់ទុកថាការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូកន្លងទៅនេះ ដែលនាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកដាក់លើ ទូកមួយគ្រឿងរបស់ហ្វីលីពីន គឺជាការប្រឈមមុខដាក់គ្នាមានលក្ខណៈធ្ងន់ធ្ងរបំផុត ក្នុងចំណោមការប៉ះទង្គិចគ្នា៤លើក ក្នុងឆ្នាំ២០២៣នេះរវាង ប្រទេសទាំង២ ក្នុងតំបន់ដែនទឹក នៃតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាទីដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន តែទាហានហ្វីលីពីន មួយក្រុមតូចកំពុងឈរជើងលើខ្មោចនាវាចម្បាំងមួយគ្រឿងដែលទីក្រុងម៉ានីលទុកចោលនៅទីនោះ។

តាមក្រុមមន្ត្រីហ្វីលីពីន កាណុងបាញ់ទឹករបស់នាវាឆ្មាំសមុទ្រចិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់ម៉ាស៊ីនមួយនៃទូក និងគំរាមកំហែងដល់អាយុជីវិត នាវិករបស់ខ្លួន។​ ខណៈការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ ក្នុងនោះមានទាំងបុកទង្គិចគ្នាផងនោះមិនបានបង្កឱ្យមានអ្នករងរបួសក៏ពិតមែន ក៏លោក Ray Powell មកពីសាកលវិទ្យាល័យ Stanford University យល់ថាការរងរបួសធ្ងន់ ឬរហូតដល់បាត់បង់ជីវិតមនុស្សអាចនឹងកើតឡើង ដោយចៀសមិនរួច បើការប្រឈមមុខបែបនេះនៅតែបន្តកើតឡើង។ លោកបន្តថាដោយសារតែហ្វីលីពីនមានសន្ធិសញ្ញាការពារជាតិជាមួយ សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងជប៉ុន និងកូរ៉េខាងត្បូងដែរ ការស្លាប់របស់ទាហានហ្វីលីពីនអាចនឹងបង្ខំឱ្យសហរដ្ឋអាមេរិក ត្រូវតែចាត់វិធានការឆ្លើយតប។

*​ តំបន់ប្រទាញប្រទង់រវាងចិន និងហ្វីលីពីន
តំបន់ថ្មប៉ះប្រះទឹក Second Thomas Shoal ដែលហ្វីលីពីនហៅថា Ayungin Shoal និងចិនហៅថា Ren’ai Reef គឺជាតំបន់ប្រទាញប្រទង់មួយ ដែលការប៉ះទង្គិចគ្នាតែងតែកើតមានឡើងជាប្រចាំមួយរយៈពេលចុងក្រោយនេះ។ ហ្វីលីពីនបានបញ្ឈរជើងខ្មោចនាវាចម្បាំងមួយគ្រឿងឈ្មោះ Sierra Madre សល់ពីសម័យសង្រ្គាមលោកលើកទី២ ដោយទុកចោលនៅក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងឆ្នាំ១៩៩៩ ដើម្បី ជាការពង្រឹងការទាមទារសិទ្ធិអធិបតេយ្យលើតំបន់មានវិវាទមួយនេះ។ ប៉ុន្តែ ខ្មោចនាវាចម្បាំងនេះចាស់រេចរឹលណាស់ទៅហើយ និងជ្រុះធ្លាក់ផ្នែកខ្លះ ជាបណ្ដើរៗដែលនេះចាំបាច់ត្រូវទទួលការជួសជុលឡើងវិញ។

នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក Rodrigo Duterte ហ្វីលីពីនបានព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន។ តែមកដល់ជំនាន់ ប្រធានាធិបតីសព្វថ្ងៃ គឺលោក Ferdinand Marcos Jr ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០២២មក ហ្វីលីពីនបានប្រកាន់ជំហរតឹងរ៉ឹង ក្នុងបញ្ហាជម្លោះទឹកដីជាមួយចិន និងបានងាកទៅពង្រឹងទំនាក់ទំនងយោធាឡើងវិញជាមួយសហរដ្ឋអាមេរិក។ ក្នុងបទសម្ភាសន៍កាលពីខែកញ្ញា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro Jr បានប្រាប់ទូរទស្សន៍​ CNN ថាទីក្រុងម៉ានីល និងពិភពលោកចាំបាច់ត្រូវតែ ក្រោកឈរឡើងប្រឆាំងនឹងអ្វីដែលលោកហៅថាជាការ Bully ​ឬធ្វើបាបពីចិន។

ក៏ប៉ុន្តែ ចិនបានច្រានចោលការលើកឡើងបែបនេះ និងអះអាងថាហ្វីលីពីនទៅវិញទេ ដែលកំពុងគ្រប់គ្រង និងធ្វើសកម្មភាពដោយខុសច្បាប់ លើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ ជាថ្មីម្តងទៀត កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចោទប្រកាន់ហ្វីលីពីនថាកំពុងបំពានធ្ងន់ធ្ងរលើអធិបតេយ្យរបស់ចិន និងគំរាមកំហែងដល់សុវត្ថិភាពនាវា និងនាវិកចិន។

* តើសហរដ្ឋអាមេរិក នឹងធ្វើអន្តរាគមន៍ ឬ?
ក្រុមអ្នកវិភាគលោកខាងលិចជាច្រើនដូចជា លោក Eric Sayers បាននិយាយថាសហរដ្ឋអាមេរិក បានបណ្ដោយឱ្យស្ថានការណ៍ដើរទៅមុខ ឆ្ងាយពេកហើយ ដែលនេះអាចនឹងក្លាយជាការលើកទឹកចិត្តឱ្យទីក្រុងប៉េកាំង បន្តដាក់សម្ពាធលើទីក្រុងម៉ានីល ឱ្យបោះបង់ចោលការទាមទារ អធិបតេយ្យរបស់ខ្លួន ក្នុងតំបន់សមុទ្រចិនខាងត្បូង។ លោក Eric Sayers ជាអ្នកវិភាគម្នាក់សម្រាប់វិទ្យាស្ថាន American Enterprise Institute មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាសហរដ្ឋអាមេរិកចំាបាច់ត្រូវតែធ្វើខ្លាំង ឬប្រឈមមុខជាមួយចិនដោយផ្ទាល់តែម្ដង ដើម្បីកុំឱ្យចិន បានចិត្ត។

ដូចគ្នាទៅនឹងលោក Eric Sayers លោក Carl Schuster ជាអតីតនាយកប្រតិបត្តិការនៅឯមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់រួម នៃទីបញ្ជាការ កងទ័ពអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិកយល់ដែរថាទីក្រុងវ៉ាស៊ីនតោនគួរតែចាត់វិធានការសកម្មភាពឱ្យបានច្រើនជាងការចេញសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក ដើម្បីកំញើញចិន។ បានន័យថា រហូតទាល់តែកងកម្លាំងអាមេរិកធ្វើសកម្មភាព បើពុំនោះទេ ចិនក៏ប្រហែលជានឹង មើលមិនឃើញពីហេតុផលត្រូវបញ្ចៀស ឬបន្ធូរបន្ថយភាពតានតឹងនោះដែរ។ កងកម្លាំងអាមេរិកអាចធ្វើសកម្មភាពដោយផ្ទាល់ ដឹកនាំបេសកកម្ម ផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានមួយក្រុមតូចឈរជើងលើខ្មោចនាវាចម្បាំងហ្វីលីពីន ឬក៏យ៉ាងហោចណាស់គួរតែអមដំណើរទូកហ្វីលីពីន ក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញនេះ។

គួរបញ្ជាក់ថា សម្រាប់ក្រុមអ្នកវិភាគដូចជា លោក Eric Sayers បេសកកម្មផ្គត់ផ្គង់ឡើងវិញ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រសិនបើ ទីក្រុងម៉ានីល មិនអាចផ្ដល់ការផ្គត់ផ្គង់គ្រប់គ្រាន់ ដល់ទាហាននៅលើខ្មោចនាវាចម្បាំងនៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ទេ ចិនអាចនឹងបង្កើនការទាមទាររបស់ខ្លួនកាន់តែខ្លាំង។ តាមលោក Sayers សំណួរពាក់ព័ន្ធដ៏សំខាន់នោះគឺថាតើខ្មោចនាវាចម្បាំង Sierra Madre ស្ថិតក្នុងសភាពបែបណា? ថាតើគួរតែត្រូវបន្តរក្សា ឬក៏ត្រូវដកខ្មោចនាវាចម្បាំងនេះចេញ? ហើយប្រសិនបើរឿងទាំងនេះកើតឡើងមែន វាអាចនឹង បង្កើតជាព្រឹត្តិការណ៍មួយដែលអាចនាំទៅរកភាពតានតឹងកាន់តែខ្លាំង រហូតដល់អាចកែប្រែស្ថានភាពដើម។

លោក Sayers ក៏បានព្រមានសហរដ្ឋអាមេរិកដែរថាមិនត្រូវធ្វេសប្រហែលចំពោះការគាំទ្រទីក្រុងម៉ានីលទេ បើទោះជាកំពុងផ្ដោតលើសង្រ្គាមអ៊ុយក្រែន និងសង្រ្គាមនៅហ្កាហ្សា ដែលកំពុងគ្របដណ្ដប់លើគោលនយោបាយការបរទេសអាមេរិក ក៏ដោយ។ សហរដ្ឋអាមេរិកចាំបាច់ណាស់ត្រូវតែបង្ហាញថា អាស៊ីគឺជាអាទិភាពមួយដូចគ្នាទៅនឹងអឺរ៉ុប និងមជ្ឈិមបូព៌ា៕