(ស៉ីដនី)៖ អ្នកស្រុកនៅភាគឦសាននៃប្រទេសអូស្រ្តាលី កំពុងទប់ទល់នឹងភ្លៀងធ្លាក់រួមជាមួយខ្យល់បោកបក់ខ្លាំង ដែលបណ្តាលមកពីព្យុះស៉ីក្លូនត្រូពិក Jasper និងអាចធ្វើឲ្យមានបំណាក់ដីក្នុងរយៈពេល ២៤ម៉ោងខាងមុខ ខណៈអាជ្ញាធរចាប់ផ្តើមរៀបទីតាំងជម្លៀសខ្លួន និងដាក់ពង្រាយក្រុមសង្គ្រោះបន្ទាន់បន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យឧតុនិយមឲ្យដឹងថា ព្យុះស៉ីក្លូន Jasper ស្ថិតនៅចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រចុងភាគខាងជើងរដ្ឋ Queensland ក្នុងសមុទ្រ Coral ហើយត្រូវបានព្យាករថា នឹងវិវត្តន៍ទៅជាព្យុះប្រភេទទី ២ មានកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករនៅទូទាំងតំបន់ឆ្នេរ ដែលលាតសន្ធឹងជាង ៦០០គីឡូម៉ែត្រ រួមទាំងទីក្រុងទេសចរណ៍ Cairns ដែលមានប្រជាជនប្រហែល ១៥០,០០០នាក់។ កន្លែងខ្លះមានរបាយទឹកភ្លៀងរហូតដល់ ៥០០មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោង ដោយអាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ភ្លាមៗ។

អាកាសយានដ្ឋានទីក្រុង Cairns បានប្រកាសថា នឹងផ្អាកដំណើរការនៅយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដោយគ្មានការកក់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនោះទេសម្រាប់ថ្ងៃពុធនេះ ប៉ុន្តែផ្លូវរត់នឹងនៅតែបើក សម្រាប់សេវាកម្មសង្គ្រោះបន្ទាន់។ លោក Brad Commens ជំនួយការស្នងការសេវាកម្មពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់នៃរដ្ឋ Queensland បាននិយាយថា អ្នកស្រុកគួរតែប្រុងប្រយ័ត្នចំពោះជំនោរសមុទ្រ នៅពេលដែលព្យុះស៊ីក្លូនខិតមកជិត និងហូរកាត់តំបន់ទំនាប។

គួរបញ្ជាក់ថា អូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino នៅរដូវក្តៅនេះ ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ រាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតក្នុងរយៈពេលវែង៕

រូបភាពពី Reuters