(អ៉ីស្លាម៉ាបាដ)៖ ក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់ចូលស្ថានីយប៉ូលិសមួយ នៅឯភាគពាយព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារនេះ ដោយប្រើគ្រាប់បែកនិងកាំភ្លើង សម្លាប់មនុស្សយ៉ាងហោច២៤នាក់ ហើយក្រុមតាលីបង់ប៉ាគីស្ថាន (TJP) បានចេញមុខទទួលខុសត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពីមន្រ្តីសន្តិសុខ បាននិយាយថា ការវាយប្រហារក្នុងស្រុក Dera Ismail Khan នៅជាយនៃតំបន់កុលសម្ព័ន្ធ​ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៤នាក់ ហើយក៏មានអ្នករងរបួសផ្សេងទៀតផងដែរ។ មន្រ្តីរដ្ឋបាលស្រុកដែលនិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានបើករថយន្តដែលផ្ទុកនូវសារធាតុផ្ទុះ ចូលទៅតាមច្រកទ្វារធំនៃស្ថានីយប៉ូលីស បន្ទាប់ពីបាញ់ប្រហារដោយកាំភ្លើង។

TJP ជាក្រុមដែលទើបនឹងលេចមុខនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមរបស់ខ្លួនបានវាយប្រហារសំដៅទៅលើកងទ័ពប៉ាគីស្ថាន ប៉ុន្តែការអះអាងថាចំគោលដៅនេះ មិនទាន់មានការបញ្ជាក់ពីមន្ត្រី ឬយោធានៅឡើយទេ។

គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងឲ្យប្រាកដទេ ថាតើក្រុម TJP ជាក្រុមតែមួយជាមួយ Tahreek-e-Taliban Pakistan (TTP) ដែលធ្លាប់កំណត់គោលដៅលើរដ្ឋាភិបាល និងភ្នាក់ងាររបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងបំណងផ្តួលរំលំនិងគ្រប់គ្រងរដ្ឋាភិបាល ឬយ៉ាងណានោះ៕

រូបភាពពី Reuters