(ហាណូយ)៖ នារសៀលថ្ងៃអង្គារនេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានចាប់ផ្តើមការបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃរបស់លោក នៅប្រទេសវៀតណាម ដែលមានគោលដៅជំរុញ ចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរ ក្រោយដំណើរទស្សនកិច្ចកាលពី៣ខែមុន ​របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីក្រុងហាណូយ ស្របពេលដែលកំពូលមហាអំណាចទាំងពីរ ព្យាយាមប្រជែងឥទ្ធិពលគ្នា ​នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក ស៉ី បានធ្វើដំណើរមកដល់ព្រលានយន្តហោះទីក្រុងហាណូយ ក្រោមការរង់ចាំទទួលស្វាគមន៍ពីសំណាក់ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ វាគឺជាទស្សនកិច្ចលើកទី១ របស់លោក នៅវៀតណាម គិតក្នុងរយៈពេលប្រមាណជា ៦ឆ្នាំមកនេះ។ ក្នុងអត្ថបទទស្សនៈមួយ ដែលចេញផ្សាយដោយ កាសែតបក្សកុម្មុយនីស្តវៀតណាម នៅមុនការចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ស៉ី លោកប្រធានាធិបតីចិន បាននិយាយថា អនាគតរបស់អាស៉ី គឺស្ថិតនៅដៃរបស់អាស៉ីខ្លួនឯង មិនមែនអ្នកដទៃឡើយ។ លោក ស៉ី បន្តថា សហគមន៍រួមវាសនារវាងចិន-វៀតណាម នឹងមានសារសំខាន់ផ្នែកយុទ្ធសាស្រ្តជាខ្លាំង ហើយទន្ទឹមគ្នា រូបលោកបានព្រមានប្រឆាំងនឹង ​ការកើនឡើងនៃអនុត្តរភាពនិយមនៅលើពិភពលោក ដែលហាក់ចង់សំដៅលើសហរដ្ឋអាមេរិក ប៉ុន្តែមិនបាននិយាយចំឈ្មោះនោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ លោកប្រធានាធិបតីចិន នឹងបើកកិច្ចពិភាក្សាផ្លូវការជាមួយ លោក Pham Minh Chinh ព្រមទាំងជាមួយ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong ហើយដាក់កម្រផ្កានៅស្តូបរបស់អតីតមេដឹកនាំវៀតណាម លោក ហូជីមិញ។ ដំណើរទស្សនកិច្ចរបស់លោក ស៉ី កើតមានឡើង បន្ទាប់ពីលោក បៃដិន បានមកបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែកញ្ញា ឆ្នាំនេះ ជាពេលដែលទីក្រុងវ៉ាស៉ីនតោននិងទីក្រុងហាណូយ បានប្រកាសដំឡើងកម្រិតទំនាក់ទំនង ឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕

រូបភាពពី AFP