(តូក្យូ)៖ នៅថ្ងៃអង្គារនេះ បុគ្គលដែលមានវ័យចំណាស់ជាងគេបង្អស់ប្រចាំនៅប្រទេសជប៉ុន ទើបតែបានទទួលមរណភាពក្នុងវ័យ១១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ដោយកើតតាំងតែពីឆ្នាំ១៩០៧ លោកយាយឈ្មោះ Fusa Tatsumi ទើបតែបានទទួលមរណភាព នៅមណ្ឌលថែទាំជនចាស់ជរាមួយកន្លែង ស្ថិតក្នុង​ទីក្រុង Osaka បន្ទាប់បានប្រារព្ធខួបអាយុ១១៦ឆ្នាំ កាលពីខែមេសា ឆ្នាំនេះ។ លោកយាយ Tatsumi ត្រូវបានទទួលស្គាល់ជា បុគ្គលមាន​វ័យចំណាស់បំផុតរបស់ប្រទេសជប៉ុន បន្ទាប់ពីលោកយាយ Kane Tanaka បានទទួលមរណភាពកាលពីឆ្នាំមុន ក្នុងវ័យ១១៩ឆ្នាំ។

សៀវភៅកំណត់ត្រាពិភពលោក ធ្លាប់បានទទួលស្គាល់ជាផ្លូវការ ចំពោះឋានៈរបស់លោកយាយ Tatsumi ក្នុងនាមជាបុគ្គលចាស់ជាងគេ​បំផុតលើពិភពលោក កាលពីខែមេសា ឆ្នាំ២០២២។ យ៉ាងណាមិញ បច្ចុប្បន្នឋានៈនេះ បានទៅលើលោកយាយម្នាក់ទៀត ឈ្មោះ Maria Branyas ជាជនជាតិអេស៉្បាញកើតនៅអាមេរិក ដែលនឹងឈានចូលវ័យ ១១៧ឆ្នាំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំក្រោយ។

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសទី២លើពិភពលោក បន្ទាប់ពីម៉ូណាកូ ដែលមានភាគរយប្រជាជនអាយុលើស៦៥ឆ្នាំខ្ពស់បំផុត ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន ហើយប្រជាជាតិអាស៉ីខាងកើតមួយនេះ មានមនុស្សវ័យចាប់ពី១០០ឆ្នាំឡើងទៅ គឺជាង៤៧,០០០នាក់៕