(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះពិនិត្យនាវាមុជទឹកនុយក្លេអ៊ែរស៊េរីថ្មីចំនួនពីរគ្រឿង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយនិយាយថា វាជាផ្នែកមួយនៃការជំរុញជាយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងទឹករុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក ពូទីន បានចុះទៅដល់ទីក្រុង Severodvinsk ដើម្បីត្រួតពិនិត្យនាវាមុជទឹក Krasnoyarsk និង Emperor Alexander the Third នៅឯកន្លែង សាងសង់នាវា Sevmash។ លោក ពូទីន ថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទាំងពីរគ្រឿងនេះ នឹងចូលបំពេញកាតព្វកិច្ចក្នុងតំបន់ប៉ាស៊ីហ្វិក នៅពេលឆាប់ៗ ហើយជាប្រភេទដាច់ដោយឡែកពីនាវាមុជទឹកផ្សេងទៀត ដែលរុស្ស៉ីកំពុងត្រៀមដាក់ឲ្យដំណើរការ។

លោក ពូទីន បានគូសបញ្ជាក់ថា «យើងនឹងពង្រឹងបន្ថែមនូវការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹករុស្ស៉ី ទាំងនៅតំបន់អាក់ទិក ចុងបូព៌ា សមុទ្រខ្មៅ សមុទ្របាល់ទិក និងសមុទ្រកាស់ស្ពែន ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតនៃមហាសមុទ្ររបស់ពិភពលោក»

គួរបញ្ជាក់ថា Emperor Alexander the Third គឺជាផ្នែកមួយនៃនាវាមុជទឹកនុយក្លេអ៊ែរជំនាន់ថ្មីរបស់រុស្ស៉ី ដែលរចនាចេញពីស៊េរីដំបូងគេនៅ សម័យសង្គ្រាមត្រជាក់។ រីឯ Krasnoyarsk ជានាវាមុជទឹកបំពាក់ដោយមីស៉ីលរយៈចម្ងាយឆ្ងាយ និងកំណត់គោលដៅជាក់លាក់ ហើយដែលលោក ពូទីន បរិយាយថា អាចវាយប្រហារបានទាំងគោលដៅនៅក្នុងសមុទ្រ និងលើដីគោក៕

រូបភាពពី Reuters