(ព្រុចសែល)៖ ប្រមុខការទូតសហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយថាស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា គឺជាគ្រោះហន្តរាយដ៏ធ្ងន់ធ្ងរ មួយដែលវិសាលភាពនៃការបំផ្លាញមានទំហំធំជាងការបំផ្លិចបំផ្លាញដែលអាលឺ្លម៉ង់ធ្លាប់បានជួបប្រទះអំឡុងសង្រ្គាមលោកលើកទី២ ទៅទៀត។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក Josep Borrell ធ្វើការកត់សម្គាល់បែបនេះ ក្រោយដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ តាម លោក Borrell ការឆ្លើយតបដោយយោធារបស់អ៉ីស្រាអែលទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បានបណ្ដាលឱ្យ ជនស៊ីវិលក្នុងចំនួនដ៏ច្រើនស្លាប់ និងរងរបួស។

ប្រមុខការទូតសហភាពអឺរ៉ុបរូបនេះ ក៏បានសង្កត់ធ្ងនដែរថាខណៈសហភាពអឺរ៉ុបចាត់ទុក ការវាយប្រហាររបស់ក្រុមហាម៉ាសជាអំពើភេរវកម្ម លោកផ្ទាល់ ក៏បានមើលឃើញដែរថាប្រតិបត្តិការយោធារបស់អ៉ីស្រាអែលគឺជ្រុលហួសហេតុ ដោយសារតែការស្លាប់របស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ «ការបំផ្លិចបំផ្លាញអគារក្នុងតំបន់ហ្កាហ្សា...គឺមានវិសាលភាពធំធេងជាងការបំផ្លិចបំផ្លាញទីក្រុងនានាដែលអាល្លឺម៉ង់ បានជួបប្រទះអំឡុងសង្រ្គាមលោកលើកទី២ទៅទៀត»។ នេះជាការបន្ថែមរបស់លោក Borrell។

គួរបញ្ជាក់ថា បើតាមលោក Josep Borrell សហភាពអឺរ៉ុបក៏មានការព្រួយបារម្ភដែរពីអំពើហិង្សាក្នុងតំបន់ West Bank ប្រព្រឹត្តដោយនិគមជន អ៉ីស្រាអែលជ្រុលនិយម ប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ហើយបានថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៉ីស្រាអែល ក្នុងការអនុម័ត ការសាងសង់ផ្ទះ ១៧០០ខ្នងបន្ថែមក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលនេះត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជាទង្វើបំពានច្បាប់អន្តរជាតិ។

លោក Borrell បន្ថែមថាលោកផ្ទាល់នឹងលើកឡើងនូវសំណើមួយជាផ្លូវការ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងនិគមជនអ៉ីស្រាអែលជ្រុលនិយមក្នុងតំបន់ West Bank ដែលវាយប្រហារប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ដោយផ្អែកលើចំណាត់ការរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីនេះដែលបានដាក់ បម្រាមទិដ្ឋាការលើនិគមជនអ៉ីស្រាអែលជ្រុលនិយម៕

រូបភាពពី Reuters