(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាអ៉ីស្រាអែលមិនមាន បំណងគ្រប់គ្រងតំបន់ហ្កាហ្សាជាអចិន្រ្តៃយ៍នោះទេ ហើយបើកចំហចំពោះកិច្ចពិភាក្សាថាតើនរណានឹងត្រូវគ្រប់គ្រងតំបន់នេះ ដរាបណាមិនមែន ជាក្រុមប្រឆាំងនឹងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Yoav Gallant បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលនឹងចាត់វិធានការចាំបាច់ទាំងឡាយ ដើម្បីកម្ទេច ក្រុមហាម៉ាស ប៉ុន្តែយើងមិនមានបំណងស្ថិតនៅក្នុងតំបន់ហ្កាហ្សាជាអចិន្ត្រៃយ៍នោះឡើយ។ យើងគ្រាន់តែខ្វាយខ្វល់ពីសន្តិសុខរបស់យើង និងសន្តិសុខសម្រាប់ពលរដ្ឋរបស់យើងនៅតាមបណ្ដោយព្រំដែនជាមួយហ្កាហ្សាតែប៉ុណ្ណោះ»

លោករដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ក៏បានសង្កត់ធ្ងន់ដែរថាអ៉ីស្រាអែលបើកចំហ ចំពោះកិច្ចពិភាក្សានាំទៅរកកិច្ចព្រមព្រៀងមួយជាមួយក្រុម ហេសបូលឡា (Hezbollah) គាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសលីបង់ ដោយផ្អែកលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបង្កើតតំបន់សុវត្ថិភាពមួយ នៅតាមបណ្ដោយព្រំដែន និងការធានាមួយដ៏ពិតប្រាកដ។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលនៅពាសពេញតំបន់ហ្កាហ្សា ក្រោយកងទ័ពអ៉ីស្រាអែលពង្រីក ការវាយលុករបស់ខ្លួនទៅកាន់ភាគខាងត្បូង។ ចំណែក ជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះបានកើនលើស ១៨,២០០នាក់ ខណៈទាហានអ៉ីស្រាអែល ១០៤នាក់ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕

រូបភាពពី AFP