(មូស្គូ)៖ ក្រុមមេធាវីរបស់លោក Alexey Navalny បានឱ្យដឹងកាលពីថ្ងៃចន្ទសប្ដាហ៍នេះថាមេដឹកនាំគណបក្សប្រឆាំងរុស្ស៉ីរូបនេះបាន បាត់ខ្លួនពីមន្ទីរឃុំឃាំងមួយ ជាទីដែលលោកបានជាប់ឃុំចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២មក ហើយមកទល់នឹងពេលនេះគេនៅមិនទាន់ ដឹងថាលោក Navalny កំពុងស្ថិតនៅទីណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក Navalny ត្រូវបានតុលាការរុស្ស៉ីផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៩ឆ្នាំកាលពីខែសីហាកន្លងទៅនេះ ក្រោយលោកត្រូវបានរក ឃើញបានបង្កើតបណ្ដាញក្រុមជ្រុលនិយម ផ្ដល់ហិរញ្ញវត្ថុដល់សកម្មភាពជ្រុលនិយម និងបទល្មើសព្រហ្មទណ្ឌជាច្រើនទៀត។ មេដឹកនាំ គណបក្សប្រឆាំងរុស្ស៉ីរូបនេះក៏បាន និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកន្លះផងដែរ។ ប៉ុន្តែ លោក Navalny និងអ្នកគាំទ្របានច្រានចោលរាល់ការចោទប្រកាន់ និងចាត់ទុកការកាត់ទោសរូបលោកជារឿងនយោបាយសុទ្ធសាធ។

ក្រុមមេធាវីរបស់លោក Navalny បានព្យាយាមជាច្រើនលើកដើម្បីអាចចូលទៅកាន់មន្ទីរឃុំឃាំងចំនួន២ ជាទីដែលលោក Navalny ត្រូវបានគេជឿថាកំពុងជាប់ឃុំ។ ប៉ុន្តែ មន្ត្រីពន្ធនាគាររុស្ស៉ីបានប្រាប់ថាលោក Navalny មិនមែនកំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំង IK-6 ឬ IK-7 នោះទេ។ តាមក្រុមមេធាវី លោក Navalny ធ្លាប់បានជាប់ឃុំចុងក្រោយបំផុតក្នុងមន្ទីរឃុំឃាំង IK-6 ស្ថិតនៅភាគខាងកើតទីក្រុងមូស្គូ ហើយ លោកបានបាត់ខ្លួនអស់រយៈពេល៦ថ្ងៃមកហើយ។

មកទល់នឹងបច្ចុប្បន្ន គេមិនទាន់ដឹងថាលោក Navalny កំពុងជាប់ឃុំនៅទីណានោះទេ រីឯសេតវិមានក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរ ក្រោយទទួលបានដំណឹងពីការបាត់ខ្លួនរបស់មេដឹកនាំគណបក្សរូបនេះ ដែលបានកើតឡើងក្រោយលោក ពូទីន ប្រកាសជាផ្លូវការថានឹង ឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤៕

រូបភាពពី Reuters