(ប៉ាឡេស្ទីន)៖ ឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានមកដល់ប្រទេសអេហ្ស៊ីបនៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីទៅទស្សនាច្រកព្រំដែន Rafah ជាមួយតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រើវេតូប្រឆាំងនឹងដំណោះស្រាយបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចក្រៅផ្លូវការមួយថ្ងៃ ដែលរៀបចំដោយប្រទេសអារ៉ាប់រួម និងអេហ្ស៊ីបនេះ កើតឡើងចំពេលមានវិបត្តិមនុស្សធម៌កាន់តែខ្លាំងឡើង នៅតំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានពណ៌នាថាជា «ទីបញ្ចុះសព»។

ឯកអគ្គរដ្ឋទូត​ប្រហែល​ដប់​នាក់​មក​ពី​ប្រទេស​ផ្សេងៗ ដែលក្នុងរួមមាន​ទាំង​រុស្ស៊ី និង​ចក្រភព​អង់គ្លេស​កំពុង​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ ប៉ុន្តែសហរដ្ឋអាមេរិក ដែលបានប្រើវេតូកាលពីថ្ងៃសុក្រ ប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ មិនបានបញ្ជូនអ្នកតំណាងឱ្យចូលរួមទេ។

មន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានប្រាប់ប្រេសិតនៅក្នុងសន្និសីទខ្លីមួយបន្ទាប់ពីការមកដល់របស់ពួកគេថា «មិនសមហេតុផលទេ ដែលធ្វើជាខ្វក់ភ្នែកចំពោះការឈឺចាប់ និងការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សានោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានប្រឆាំងជំទាស់នឹងដំណោះស្រាយទាមទារឱ្យមានបទឈប់បាញ់ខាងលើ ដោយសារតែ ពួកគេជឿថាដំណោះស្រាយនេះគឺផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស។ តែយ៉ាងណា ទីក្រុងវ៉ាស៊ីនតោននៅតែបង្ហាញការគាំទ្រឱ្យមាន ការផ្អាកបាញ់រយៈពេលខ្លី និងសម្រួលដល់ការដោះលែងចំណាប់ខ្មាំងដោយក្រុមហាម៉ាស។ តាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ចំនួន អ្នកស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលបានកើនដល់ ១៧,៤៨៧នាក់ហើយ ចាប់តាំងពីអ៉ីស្រាអែលប្រកាសធ្វើសង្រ្គាមសងសឹក ទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងនៃប្រទេសរបស់ខ្លួនដោយសម្លាប់មនុស្ស ១២០០នាក់៕

រូបភាពពី Reuters