(ប៉េកាំង)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសវៀតណាម ក្នុងសប្ដាហ៍នេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថានឹងកាន់តែ បង្កើនការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ។ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១២ ខែធ្នូ លោក ស៊ី ជីនពីងក៏ត្រូវបានរំពឹងដែរថាប្រើប្រាស់គម្រោងផ្លូវដែកថ្មីមួយ និងគម្រោងរ៉ែកម្រ ដើម្បីទាក់ទាញចិត្តវៀតណាម សំដៅកាត់បន្ថយការកើនឡើងឥទ្ធិពលអាមេរិកក្នុងប្រទេសវៀតណាម។

ម្យ៉ាងវិញទៀត ខណៈទីក្រុងប៉េកាំង និងទីក្រុងហាណូយ នៅតែមានភាពតានតឹងនឹងគ្នានៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូងក៏ពិតមែន ក៏ជម្លោះពាក់ព័ន្ធនឹងការទាមទារ សិទ្ធិគ្រប់គ្រងរៀងៗខ្លួនលើដែនទឹកកំពុងមានវិវាទនេះ នឹងមិនក្លាយជាឧបសគ្គមួយនៅក្នុងកិច្ចប្រជុំរវាងលោក ស៊ី ជីនពីង ជាមួយមេដឹកនាំកំពូលៗរបស់វៀតណាម នោះឡើយ។

ពិតមែនទៅ មានរឿងជាច្រើនបានផ្លាស់ប្ដូរ ចាប់តាំងពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក ស៊ី ជីនពីន កាលពីឆ្នាំ២០១៧ ដែលធ្វើឡើងគាប់ជួបនឹង ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ ក្រោយចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ Apec ក្នុងខេត្ត Danang នៅពេលនោះ។ សង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ ជាមួយចិនបានបង្ខំឱ្យក្រុមហ៊ុនលោកខាងលិចជាច្រើនបង្វែរការវិយោគរាប់ពាន់លានដុល្លារចេញពីចិន ទៅកាន់វៀតណាម។ ប៉ុន្តែ មិនបានកែប្រែចិត្តឱ្យវៀតណាមប្រកាសចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយនោះទេ។ រហូតដល់កាលពីខែកញ្ញាកន្លងទៅនេះ ទើបវៀតណាម យល់ព្រមដំឡើងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុងហាណូយ។

វៀតណាមសព្វថ្ងៃត្រូវបានគេមើលឃើញថាមានទំនោរកាន់តែងាកទៅរកលោកខាងលិច នៅចំពោះមុខការព្រួយបារម្ភពីមហិច្ឆតារបស់ចិនលើតំបន់ចិនខាងត្បូង។ តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោក ស៊ី ជិនពីង នឹងនៅតែជាមេដឹកនាំម្នាក់ដែលទទួលបានការស្វាគមន៍បំផុតនៅវៀតណាម។ លោក Zachary Abuza ជាអ្នកជំនាញម្នាក់ ខាងកិច្ចការអាស៊ី មកពីសាកលវិទ្យាល័យ National War College ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា «សម្រាប់វៀតណាម ចិនជាការគំរាមកំហែងទឹកដីនៅក្នុង សមុទ្រចិនខាងត្បូង ប៉ុន្តែចិនវិញនៅតែចង់ឱ្យគណបក្សកម្មុយនិស្ដវៀតណាម រក្សាអំណាចផ្ដាច់មុខឯកបក្សរបស់ខ្លួននៅវៀតណាម ពីព្រោះវាជាប្រព័ន្ធដឹកនាំមួយមាន ទម្រង់ដូចគ្នានឹងចិន ដែលអាចធ្វើឱ្យប្រទេសទាំង២មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា នៅក្រោមទិដ្ឋភាពជាច្រើន។

តែតាមអ្នកជំនាញរូបនេះដដែល ខណៈសហរដ្ឋអាមេរិកនិយាយថាខ្លួនមានការប្ដេជ្ញាចិត្តធ្វើការជាមួយវៀតណាម និងទទួលស្គាល់ប្រព័ន្ធដឹកនាំរដ្ឋរបស់ទីក្រុងហាណូយ ក៏ដោយ ក៏ថ្នាក់ដឹកនាំវៀតណាមភាគច្រើននៅតែមានការសង្ស័យ និងប្រុងប្រយ័ត្នជានិច្ច ដោយសារតែប្រវត្តិធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងបដិវត្តន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាល នៅជុំវិញពិភពលោកនាពេលកន្លងមក។

របៀបវារៈនៃកិច្ចពិភាក្សារវាងលោក ស៊ី ជីនពីង ជាមួយសមភាគីវៀតណាម លោក Nguyen Phu Trong មិនត្រូវបានបញ្ចេញឱ្យដឹងជាសាធារណនោះទេ។ ប៉ុន្តែ មាន ការរំពឹងជាច្រើនថាមេដឹកនាំនៃប្រទេសទាំង២ នឹងពិភាក្សាគ្នាពីគម្រោងផ្លូវដែកថ្មីមួយតភ្ជាប់រវាងប្រទេសទាំង២។ បច្ចុប្បន្ន សមត្ថភាពដឹកជញ្ជូនតាមផ្លូវដែកតភ្ជាប់រវាង ចិន និងវៀតណាមនៅមានកម្រិតនៅឡើយ ដ្បិតប្រព័ន្ធផ្លូវដែកទាំងនោះមានសភាពចាស់ណាស់ទៅហើយ រីឯក្រុមមន្ត្រីមនៃរដ្ឋាភិបាលចិន និងវៀតណាមក៏ធ្លាប់បាន អំពាវនាវជាយូរណាមកហើយដែរឱ្យធ្វើបច្ចុប្បន្នផ្លូវដែក។ «យើងមិនអាចមើលរំលងបានទេថាភាគខាងជើងរបស់វៀតណាម គឺជាផ្នែកមួយនៃខ្សែចង្វាក់ផ្គត់ផ្គង់ ភាគខាងត្បូងរបស់ចិន។ ដូច្នេះ វៀតណាមតែងតែមានការព្រួយបារម្ភជានិច្ច នៅពេលដែលមានកំណើនយឺតយ៉ាវក្នុងសេដ្ឋកិច្ចចិន ព្រោះវាមានជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ច វៀតណាម ដែរ»។ នេះជាការកត់សម្គាល់របស់លោក Zachary Abuza។

នៅត្រង់ចំណុចនេះដែរ លោក Le Dang Doanh ជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់ចូលនិវត្តន៍ម្នាក់ នៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម៥រូប ក៏យល់ស្រដៀង នេះដែរថាបណ្ដាញផ្លូវដែកអាចនឹងជួយដោះស្រាយកង្វល់របស់ចិនជុំវិញការរឹតត្បិតការចូលរួមរបស់វៀតណាម នៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ហើយដែល ការស្ទាក់ស្ទើរនេះគឺជាឧបសគ្គមួយនៅក្នុងទំនាក់ទំនងរវាងចិន និងវៀតណាម។ បើគម្រោងបណ្ដាញផ្លូវដែកថ្មីដំណើរការទៅមុខដោយរលូន នោះវានឹងក្លាយជាគម្រោង ទី២ នៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ បន្ទាប់ពីប្រព័ន្ធរថភ្លើងក្រោមដីក្នុងទីក្រុងហាណូយចាប់ផ្ដើមដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងផ្លូវដែក ត្រូវបានថ្នាក់ដឹកចិនចាត់ទុកថាជាមធ្យោបាយមួយដ៏ល្អ ដើម្បីទាក់ទាញចិត្តវៀតណាម និងនឹងអាចជួយកាត់បន្ថយឥទ្ធិពលអាមេរិកនៅវៀតណាម។ លើសពីនេះទៅទៀត ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្លូវដែកសល់ពីសម័យអាណានិគមដែលតភ្ជាប់ពីទីក្រុង Haiphong ជាមួយទីក្រុង Kunming របស់ចិន ក៏នឹងត្រូវឆ្លងកាត់ តាមផងដែរតំបន់សម្បូរ «រ៉ែកម្រ» របស់វៀតណាម។ តាមលោក Le Dang Doanh ទាំងចិន និងវៀតណាមសុទ្ធតែមានចំណាប់អារម្មណ៍លើការវិនិយោគរបស់ចិន លើ គម្រោងរ៉ែ នៅក្នុងប្រទេសវៀតណាម។ លោកបន្ថែមដូច្នេះថា «ចិនគឺជាប្រទេសស្តុកទុករ៉ែកម្រធំជាងគេបំផុតនៅលើពិភពលោក រីឯវៀតណាមក៏ជាប្រទេសស្ដុកទុករ៉ែកម្រ ធំលំដាប់ទី២ដែរ។ ដូច្នេះ ខ្ញុំគិតថាចិនមានចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែកម្រជាមួយវៀតណាម»។

រ៉ែកម្រ ត្រូវបានប្រើប្រាស់យ៉ាងសំខាន់បំផុតនៅក្នុងបច្ចេកវិទ្យាទំនើបៗ រាប់ចាប់ពីឧបករណ៍អេឡិចត្រូនិក ដូចជា smartphones រហូតដល់យន្ដហោះចម្បាំង។ ចិនត្រូវបាន រាយការណ៍ថាកំពុងគ្រប់គ្រងលើពាណិជកម្មសកលក្នុងវិស័យរ៉ែកម្រ ដែលនេះធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភថាអាចនឹងបាត់បង់ ឬពិបាកស្វែងរក ការផ្គត់ផ្គង់រ៉ែកម្រ ក្នុងករណីមានសង្រ្គាមជាមួយចិននៅថ្ងៃណាមួយ។ ម្លោះហើយដោយសារតែរ៉ែកម្រ គឺជាប្រភពធនធានដ៏សំខាន់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ប្រទេសជាដៃគូរបស់វៀតណាមដែលកំពុងប្រជែងអំណាចជាមួយចិន ក៏ចង់បានកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហាណូយ លើវិស័យរ៉ែកម្រផងដែរ ដោយមិនមានការ ចូលរួមពីចិន។

លោក Le The My ជាអតីតប្រធាននាយកដ្ឋានគោលនយោបាយការបរទេសនៃវិទ្យាស្ថានសិក្សាពីចិន ក្នុងទីក្រុងហាណូយ បាននិយាយថា តាមរយៈដំណើរទស្សនកិច្ច របស់លោក ស៊ី ជីនពីង ចិនចង់បញ្ជូនសារមួយទៅកាន់វៀតណាមថាចិននឹងមិនបោះបង់ចោល ឬដើរចេញពីវៀតណាមនោះទេ ហើយចិនចង់រក្សាទំនាក់ទំនងល្អជាមួយ វៀតណាម ដរាបណាវៀតណាមមិនឆ្លង «បន្ទាត់ក្រហម» ដោយងាកទៅរក ឬដើរតាមសហរដ្ឋអាមេរិកជ្រុលហួសហេតុពេក៕