(ប្រ៊ុចសែល)៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានអំពាវនាវឱ្យសហភាពអឺរ៉ុបបង្កើតកម្មវិធីដាក់ទណ្ឌកម្មពិសេសមួយ សំដៅលើក្រុមហាម៉ាស់ ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ បានជួបប្រជុំគ្នានៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីពិចារណាពីជំហានបន្ទាប់ ដែលអាចកើតមានក្នុងការដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

វិធានការដែលអាចធ្វើទៅបាន ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ រួមមានដូចជាការបង្រ្កាបលើហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស និងការហាមឃាត់ការធ្វើដំណើរលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលទទួលខុសត្រូវ ចំពោះអំពើហឹង្សានៅតំបន់ West Bank ។

នៅក្នុងលិខិតផ្ញើជូនប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell រដ្ឋមន្ត្រីការបរទេសនៃប្រទេសធំៗទាំងបីខាងលើ បាននិយាយថា វាជារឿងសំខាន់សម្រាប់សហភាពអឺរ៉ុប ក្នុងការចាត់វិធានការចាំបាច់ទាំងអស់ប្រឆាំង នឹងក្រុមភេរវករហាម៉ាស់ និងអ្នកគាំទ្ររបស់ខ្លួន។

លិខិតបានបន្តលើកឡើងថា «នេះមានន័យថាអឺរ៉ុបនឹងកាន់តែមានការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស់ ព្រមទាំងការដាក់ឱ្យក្រុមនេះឱ្យនៅឯកាជាលក្ខណៈអន្តរជាតិ ដោយនឹងគ្មានឱកាសក្នុងការវិលត្រឡប់ទៅតំណាងប្រជាជនប៉ាឡេស្ទីនទៀតទេ»

តាមពិតទៅ ក្រមហាម៉ាសត្រូវបានសហភាពអឺរ៉ុបចុះបញ្ជីជាអង្គការភេរវកររួចស្រេចទៅហើយ ដែលនេះមានន័យថា មូលនិធិ ឬទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅសហភាពអឺរុប ត្រូវតែត្រូវបានបង្កក៕

រូបភាពពី Reuters