(ម៉ាលី)៖ អ្នកនាំពាក្យបានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី បានបញ្ចប់ជាផ្លូវការនូវការដាក់ពង្រាយរយៈពេលមួយទសវត្សរ៍របស់ខ្លួន នៅក្នុងប្រទេសនេះ បន្ទាប់ពីមានការបញ្ជាឱ្យដកខ្លួនចេញ ពីសំណាក់មេដឹកនាំយោធារបស់ប្រទេសនេះដដែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ការដកខ្លួនចេញរបស់បេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះ MINUSMA នេះ បានធ្វើឱ្យមានការព្រួយបារម្ភថា ការប្រយុទ្ធគ្នារវាងកងទ័ព និងក្រុមប្រដាប់អាវុធដើម្បីគ្រប់គ្រងទឹកដីនឹងកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ថា បេសកកម្ម MINUSMA បានរក្សាទាហាន និងប៉ូលីសប្រហែល ១៥,០០០ នាក់នៅក្នុងប្រទេសម៉ាលី ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ សមាជិកប្រហែល ១៨០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលមានអរិភាព៕

រូបភាពពី AFP