(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបាននិយាយថា កិច្ចពិភាក្សាសន្តិភាពត្រូវបានធ្វើឡើង ស្តីពីបញ្ហាជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយទទួលបានលទ្ធផលវិជ្ជមាន ក្រោយការប្រយុទ្ធគ្នាដ៏ក្តៅគគុកបានផ្ទុះឡើង រវាងកងកម្លាំងនៃរបបយោធា និងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយយ៉ាងដូច្នេះថា «ចិនត្រេកអរដែលមើលឃើញ ភាគីក្នុងជម្លោះនៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ា នាំគ្នាបើកកិច្ចចរចាសន្តិភាព ហើយសម្រេចបានលទ្ធផលវិជ្ជមាន»។ លោកស្រី បានបន្ថែមថា ទីក្រុងប៉េកាំងនឹងបន្តផ្តល់ការគាំទ្រ ក៏ដូចជាការសម្របសម្រួលបន្ថែមទៀត ដើម្បីជួយសម្រេចកម្មវត្ថុនេះ។ លោកស្រី Mao បានបន្តដូច្នេះថា «យើងជឿជាក់ថា ការបន្ធូរបន្ថយស្ថានការណ៍នៅភាគខាងជើងមីយ៉ាន់ម៉ា គឺបម្រើដល់ផលប្រយោជន៍ របស់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា និងមានអំណោយផលក្នុង​ការថែរក្សាភាពសុខសាន្តនិងស្ថិរភាព នៅតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា»

ការប្រយុទ្ធគ្នាបានផ្ទុះឡើងពាសពេញរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា​ បន្ទាប់ពីចលនាប្រដាប់អាវុធជនជាតិភាគតិច ចំនួន៣ក្រុម បានចងសម្ព័ន្ធភាពហើយរួមដៃគ្នា បើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើល ប្រឆាំងកងកម្លាំងរបបយោធាកាលពីខែតុលាកន្លងទៅ។ ក្រុមចលនាប្រដាប់អាវុធទាំង៣នោះ ដែលរួមមាន Arakan Army (AA), Myanmar National Democratic Alliance Army (MNDAA) និង Ta'ang National Liberation Army (TNLA) វាយដណ្តើមកាន់កាប់បានទីតាំងយោធាជាច្រើន ព្រមទាំងក្រុងមួយ ដែលសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយចិន។ ក្រុមអ្នកវិភាគយល់ឃើញថា វាគឺជាបញ្ហាធំបំផុតផ្នែកយោធា ដែលរបបសឹកមីយ៉ាន់ម៉ាត្រូវប្រឈមមុខ គិតចាប់តាំងពីការធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំ២០២១មក។

កាលពីខែមុន រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បានជួបជាមួយលេខាធិការរង នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្ត Yunnan ក្នុងទីក្រុង Kunming ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា Global New Light of Myanmar អ្នកទាំងពីរបានពិភាក្សាគ្នា អំពីសន្តិភាពនិងស្ថិរភាព នៅតាមបណ្តោយតំបន់ព្រំប្រទល់។ ទីក្រុងប៉េកាំង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់និងជាអ្នកផ្គត់ផ្គង់​សព្វាវុធធំមួយ សម្រាប់របបសឹកមីយ៉ាន់ម៉ា ហើយមិនបានហៅ សកម្មភាពដណ្តើមអំណាចកាលពីឆ្នាំ២០២១ ថាជារដ្ឋប្រហារយោធានោះឡើយ។

គួរបញ្ជាក់ថា ក្រៅពីតំបន់ភាគខាងជើង ការប្រយុទ្ធគ្នាក៏បានរីករាលដាល នៅតំបន់ភាគខាងកើតនិងខាងលិចនៃប្រទេសមីយ៉ាន់ម៉ាផងដែរ។ បើតាមអង្គការសហប្រជាជាតិ គិតចាប់តាំងពីការប៉ះទង្គិចគ្នា បានចាប់ផ្តើមកាលពីចុងខែតុលាមក មានមនុស្សជាងកន្លះនាក់ហើយ ដែលត្រូវបានបង្ខំឱ្យរត់ព្រាត់ប្រាសពីផ្ទះសម្បែង នៅក្នុងប្រទេសអាស៊ានមួយនេះ៕

រូបភាពពី Reuters