(ឡុងដ៍)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ទីក្រុងឡុងដ៍បានសម្រេចបរិច្ចាគ នាវាយោធាប្រមាញ់រកគ្រាប់មីនចំនួន២គ្រឿង ទៅកាន់អ៊ុយក្រែន ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកមីនរបស់រុស្ស៉ី ដែលត្រូវបានដាក់ពង្រាយក្នុងផ្ទៃសមុទ្រខ្មៅ ហើយជួយទីក្រុងកៀវ​ស្តារការនាំចេញតាមផ្លូវទឹកឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១​ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ បានរងផលប៉ះពាល់យ៉ាងខ្លាំង គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយសមុទ្រខ្មៅបានស្ថិតក្រោម ការបិទខ្ទប់របស់កងទ័ពជើងទឹករុស្ស៉ី។ រដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បាននិយាយដូច្នេះថា «នាវាប្រមាញ់រកគ្រាប់មីនទាំងនេះ នឹងផ្តល់សមត្ថភាពដ៏សំខាន់ដល់អ៊ុយក្រែន ដែលនឹង​ជួយសង្រ្គោះជីវិតនៅលើផ្ទៃសមុទ្រ ហើយបើកចំហឡើងវិញនូវច្រកផ្លូវនាំចេញដ៏សំខាន់»។

គួរបញ្ជាក់ថា ក្នុងថ្ងៃចន្ទដដែលនេះ លោក Shapps និងសមភាគីន័រវែសរបស់លោក នឹងត្រូវប្រកាសចេញនូវគំនិតផ្តួចផ្តើមការពារជាតិថ្មី ហៅថា Maritime Capability Coalition។ បើតាមលោក Shapps គំនិចផ្តួចផ្តើមនោះ នឹងគូសវាសនូវការចាប់ផ្តើមកិច្ចប្រឹងប្រែង​ថ្មីមួយ របស់ចក្រភពអង់គ្លេស រួមទាំងន័វវែសនិងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីជួយពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់អ៊ុយក្រែន៕

រូបភាពពីក្រសួងការពារជាតិអង់គ្លេស