(ហាណូយ)៖ ក្រុមមន្ត្រីបាននិយាយថា ចិន និងវៀតណាម គ្រោងឯកភាពគ្នាក្នុងសប្តាហ៍នេះ លើការងារអភិវឌ្ឍផ្លូវដែកកាន់តែប្រសើរឡើង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួមទាំងគម្រោងឌីជីថលផងដែរ ខណៈការព្រមព្រៀងគ្នាបែបនេះនាំឲ្យទីក្រុងហាណូយ កាន់តែខិតទៅរកទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ការប្រកាសពីផែនការនេះធ្វើឡើងមុនពេលនៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីចិន ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាមចាប់ពីថ្ងៃអង្គារ និងជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ ហើយមិនយូរប៉ុន្មានបន្ទាប់ពី លោក ចូបៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ទីនោះ។

កាសែតរដ្ឋវៀតណាមបានរាយការណ៍ដោយដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ ដែលបានឲ្យដឹងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដើម្បីជំរុញផ្លូវរថភ្លើងរវាងទីក្រុងគុនមីង និងទីក្រុងកំពង់ផែ Haiphong រួមទាំងការតភ្ជាប់ផ្លូវដឹកជញ្ជូនផ្សេងទៀត ពីភាគខាងត្បូងប្រទេសចិនទៅកាន់ទីក្រុងហាណូយ។

គួរបញ្ជាក់ថា ផែនការធ្វើឲ្យប្រសើរឡើងនូវផ្លូវដែក Kunming-Haiphong ដែល Reuters បានរាយការណ៍ជាលើកដំបូងកាលពីដើមខែធ្នូ ត្រូវឆ្លងកាត់តំបន់អណ្តូងរ៉ែកម្រដ៏ធំបំផុតរបស់វៀតណាម ដែលរហូតមកដល់ពេលនេះមិនទាន់អាចធ្វើអាជីវកម្មបានទេ ដោយសារតែខ្វះបច្ចេកវិទ្យាកែច្នៃ៕

រូបភាពពី Reuters