(វែលីងតោន)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា រូបលោកនឹងខំប្រឹងព្យាយាម​ជំរុញទំនាក់ទំនងប្រទេសលោកឱ្យជិតស្និទ្ធជាងមុន ជាមួយបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និង​អូស្រ្តាលី ដែលជាផ្នែកនៃគោលដៅផ្តោតសំខាន់ឡើងវិញលើវិស័យសន្តិសុខ នៅក្រោមរដ្ឋាភិបាលថ្មីនៃប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសទាំង៤ខាងលើ រួមជាមួយនូវែលសេឡង់ ត្រូវគេស្គាល់ជាសម្ព័ន្ធភាពមួយហៅថា Five Eyes ដែលបានបន្តចែករំលែកព័ត៌មានសម្ងាត់រវាងគ្នា ចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទី២ មកម្ល៉េះ។ លោក Peters គឺជាប្រធានគណបក្ស New Zealand First Party ដែលជា​ដៃគូក្នុងរដ្ឋាភិបាលចម្រុះ ដឹកនាំដោយនាយករដ្ឋមន្រ្តី Christopher Luxon ប្រធានគណបក្ស National Party ដែលទើបតែឡើងកាន់​អំណាចក្នុងខែធ្នូនេះ។

លោក Peters ក៏ជាអតីតរដ្ឋមន្រ្តីការបរទេសផងដែរ ហើយរូបលោកបានប្រើប្រាស់សុន្ទរកថាធំដំបូងរបស់លោក ស្តីពីគោលនយោបាយការបរទេស គិតចាប់តាំងពីបានត្រឡប់មកកាន់តំណែងនេះសាជាថ្មីវិញ ដើម្បីសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យជិតស្និទ្ធជាងមុន ជាមួយក្រុមប្រទេសជាដៃគូសន្តិសុខ។ លោក Peters បានលើកឡើងយ៉ាងដូច្នេះថា «យើងមានបំណងធ្វើឱ្យរស់រវើកឡើងវិញ នូវទំនាក់ទំនងការពារជាតិ​និងសន្តិសុខរបស់យើង រួមមានជាមួយសហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធភាព Five Eyes ព្រមទាំងជាមួយដៃគូសន្តិសុខផ្សេងទៀត ទាំងនៅក្នុងតំបន់និងក្រៅតំបន់»

គួរបញ្ជាក់ថា ជាយូរមកហើយ នូវែលសេឡង់ គឺជាសមាជិកដែលប្រកាន់ជំហរមានលក្ខណៈសម្រុះសម្រួលជាងគេ ជាមួយប្រទេសចិន នៅក្នុងចំណោមសមាជិក Five Eyes ទាំង៥។ យ៉ាងណាមិញ ការនិយាយស្តីរបស់នូវែលសេឡង់ ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ក៏ដូចជា​ការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅតំបន់ប៉ាស៉ីហ្វិកខាងត្បូង ត្រូវបានធ្វើឱ្យរឹងមាំជាងមុន ក្រោមអតីតរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស Labour បន្ទាប់ពីទីក្រុងប៉េកាំង បានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដែនកោះសូឡូម៉ុន។ រីឯយោធានូវែលសេឡង់ ក៏កំពុងប្រឈមការលំបាកផងដែរ ជាមួយបរិក្ខារចាស់ៗនិងការខ្វះខាតបុគ្គលិក ដោយនាវាចម្បាំង៣គ្រឿង ក្នុងចំណោម៩គ្រឿងរបស់ប្រទេសនេះ ត្រូវបញ្ឈរជើងចោល ដោយសារតែខ្វះនាវិក៕

រូបភាពពី Reuters