(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ និងបានសម្តែងការមិនពេញចិត្តចំពោះ «គោលជំហរប្រឆាំងអ៉ីស្រាអែល» របស់បេសកជនរុស្ស៉ីនៅឯ អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

រុស្ស៉ីគាំទ្រដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលត្រូវបាន veto ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ៉ីស្រាអែល បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលនិយាយជាមួយលោក ពូទីន លោក Netanyahu ក៏បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងផងដែរ ចំពោះកិច្ចសហប្រតិបត្តិការ «ដ៏គ្រោះថ្នាក់» របស់រុស្ស៉ី ជាមួយអ៉ីរ៉ង់។

តាមវិមានក្រឹមឡាំង រុស្ស៉ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការឈឺចាប់របស់ជនស៉ីវិល និងបន្ធូរបន្ថយជម្លោះ។ លោក ពូទីន បានបញ្ជាក់ជាថ្មីនូវគោលជំហរបដិសេធ និងថ្កោលទោសអំពើភេរវកម្មក្នុងគ្រប់ទម្រង់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ កងកម្លាំងរថក្រោះរបស់អ៉ីស្រាអែលបានវាយសម្រុកចូលដល់បេះដូងនៃទីក្រុង Khan Younis ភាគខាងត្បូង ហ្កាហ្សាហើយ ខណៈក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា ចំនួនជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ក្នុងសង្រ្គាមដ៏បង្ហូរឈាមសព្វថ្ងៃកើនដល់ជាង ១៨,០០០​នាក់៕

រូបភាពពី AFP