(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវឱ្យក្រុមអ្នកប្រយុទ្ធហាម៉ាសទម្លាក់អាវុធសុំចុះចាញ់ ដោយថ្ងៃអន្សារបស់ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះកាន់តែខិតជិតចូលមកដល់។ នេះបើតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក Benjamin Netanyahu បានគូសបញ្ជាក់ដូច្នេះថា «សង្រ្គាមនៅតែបន្តកើតឡើង ប៉ុន្តែវាជាការចាប់ផ្ដើមនៃទីបញ្ចប់របស់ក្រុមហាម៉ាស។ ខ្ញុំសូមប្រាប់ទៅពួកភេរវករហាម៉ាស៖ កុំស៊ូស្លាប់ដើម្បី Yahya Sinwar។ ទម្លាក់អាវុធចុះចាញ់ឥលូវ»។ Yahya Sinwar គឺជាមេដឹកនាំម្នាក់របស់ក្រុមហាម៉ាស។ លោក Netanyahu បន្ថែមទៀតថាក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកប្រយុទ្ធហាម៉ាសជាច្រើននាក់ទម្លាក់អាវុធសុំចុះចាញ់។

តែទោះជាបែបនេះក្ដី យោធាអ៉ីស្រាអែលមិនបានបញ្ចេញភស្តុតាងណាមួយបញ្ជាក់ពីការសុំចុះចាញ់របស់ក្រុមអ្នកប្រយុទ្ធហាម៉ាសនោះទេ រីឯក្រុមហាម៉ាសវិញក៏បានច្រានចោលការលើកឡើងរបស់លោក Netanyahu ផងដែរ៕

រូបភាពពី Reuters