(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឲ្យមកចូលរួមកិច្ចប្រជុំ មួយនៅឯសេតវិមាននាថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាអំពីបញ្ហាសង្រ្គាមដែលកំពុងបន្តជាមួយរុស្ស៉ី និងតម្រូវការការគាំទ្រជាចាំបាច់ ពីសំណាក់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានកាលពីថ្ងៃអាទិត្យ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី «តម្រូវការបន្ទាន់» របស់អ៊ុយក្រែន ស្របពេលដែលសេតវិមាន កំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយសភាលើការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ក៏ដូចជាអ៉ីស្រាអែល។ លោក ហ្សេលេនស្គី ក៏ត្រូវជួបសំដែងការគួរសម ជាមួយក្រុមសមាជិកសភាអាមេរិកផងដែរ នៅវេលាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា ប្រធានបទសំខាន់ៗក្នុងអំឡុងទស្សនកិច្ចរបស់ លោក ហ្សេលេនស្គី នឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការ ការពារជាតិ ជាពិសេសគម្រោងរួមគ្នាស្តីពីការផលិតអាវុធ និងប្រព័ន្ធការពារដែនអាកាស ក៏ដូចជាការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ រវាងប្រទេសទាំងពីរនៅឆ្នាំ២០២៤។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី គ្រោងទៅដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ ហើយជួបលោក បៃដិន សម្រាប់កិច្ចពិភាក្សាជាបន្តបន្ទាប់៕

រូបភាពពី Reuters