(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថាយន្ដហោះចម្បាំងអាមេរិក F-16 មួយគ្រឿងបានធ្លាក់នៅថ្ងៃចន្ទ ទី១១ ខែធ្នូនេះ អំឡុងការធ្វើ សមយុទ្ធហ្វឹកហាត់មួយ ក្នុងប្រទេសកូរ៉េខាងត្បូង តែពីឡុតត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព ក្រោយចុចកៅអីលោតចេញពីយន្ដហោះបន្ទាន់។ នេះបើតាម ការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាកូរ៉េខាងត្បូង ទីភ្នាក់ងារសារព័ត៌មាន Yonhap បានបញ្ជាក់ថាយន្ដហោះចម្បាំងខាងលើបានធ្លាក់ចូលសមុទ្រ ក្រោយហោះឡើងចេញពីមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុង Gunsan ស្ថិតនៅចម្ងាយ ១៧៨គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។ ចំណែក ពីឡុងបាន ចុចកៅអីលោតចេញ និងត្រូវបានសង្រ្គោះ។

ប៉ុន្តែភ្លាមៗ ខាងក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយទេ ខណៈកងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូង ក៏មិនទាន់បានទទួលស្គាល់ សេចក្ដីរាយការណ៍របស់ Yonhap នោះដែរ។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ យន្ដហោះចម្បាំងអាមេរិក F-16 មួយគ្រឿងបានធ្លាក់អំឡុងការធ្វើសមយុទ្ធហ្វឹកហាត់ជាប្រចាំ នៅឯតំបន់កសិដ្ឋានមួយ ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល ហើយនៅពេលនោះពីឡុតបានលោតចេញជាមួយឆត្រយោងដោយសុវត្ថិភាព និងមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ៕

រូបភាពពី AFP