(ដូហា)៖ នាយករដ្ឋមន្រ្តីកាតាបាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកំពុងបន្តធានាបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា បើទោះបីជាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្ត ដែលធ្វើច្រកសម្រាប់លទ្ធផលជោគជ័យជួបការលំបាកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៣។

លោក Rahman Al Thani បាននិយាយនៅឯវេទិកាក្រុង Doha ជាងពីរខែបន្ទាប់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសយ៉ាងដូច្នេះថា «ក្នុងនាមជារដ្ឋកាតា យើងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយដៃគូរបស់យើង។ យើងនឹងមិនបោះបង់ឡើយ»

នាយករដ្ឋមន្ត្រីកាតារូបនេះបានសង្កត់ធ្ងន់ថា «យើងនឹងបន្តកិច្ចប្រឹងប្រែង។ យើងប្តេជ្ញាធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ហើយយើងក៏ប្តេជ្ញាបញ្ឈប់សង្គ្រាមនេះដែរ»។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​​ «​យើង​មិន​ឃើញ​មានឆន្ទៈ​ដូចគ្នាទេ នៃភាគី​ទាំង​សងខាង​​។ ហើយ​​ការ​បន្ត​ការ​ទម្លាក់​គ្រាប់បែក​របស់អ៉ីស្រាអែល​បាន​បង្រួម​បង្អួច​សម្រាប់​យើង​»​។

គួរបញ្ជាក់ថា កាតាគឺជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងការចរចាដែលឈានដល់ការបញ្ចប់បទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃ ដែលចំណាប់ខ្មាំងអ៊ីស្រាអែលរាប់សិបនាក់ត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអ្នកប៉ាឡេស្ទីន និងជំនួយមនុស្សធម៌រហូតដល់បទឈប់បាញ់បានបញ្ចប់នៅដើមខែនេះ។

អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីក្រុមនេះបានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៤០ នាក់ នេះបើយោងតាមទិន្នន័យរបស់អ៊ីស្រាអែល។ ការវាយសងសឹងរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧,៧០០ នាក់នៅហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហាម៉ាស៕

រូបភាពពី AFP