(ដូហា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃអាទិត្យ (១០ ធ្នូ) នេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការទាមទារបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានថ្កោលទោសការបែកបាក់គ្នា ដែលបានធ្វើឱ្យអង្គការអន្តរជាតិនេះប្រែជា «ពិការ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

លោក Guterres បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅចំពោះមុខវេទិកា Doha ក្នុងប្រទេសកាតាយ៉ាងដូច្នេះថា ក្រុមប្រឹក្សានេះប្រែជាពិការហើយ ដោយសារការបែងចែកភូមិសាស្ត្រ ដែលបំផ្លាញដំណោះស្រាយចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

លោកបានសង្កត់ធ្ងន់ថា «សិទ្ធិអំណាច និងភាពជឿជាក់របស់ស្ថាប័ននេះ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយការឆ្លើយតបយឺតយ៉ាវរបស់ខ្លួនចំពោះជម្លោះ»។ ការថ្លែងបែបនេះពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រើវេតូរបស់ខ្លួន ដើម្បីរារាំងដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា។

អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានប្រើមាត្រា ៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកម្រត្រូវបានយកមកប្រើណាស់ សម្រាប់ការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ ក្នុងការណីដែលប្រមុខអង្គការអន្តរជាតិមួយនេះ យល់ឃើញថាវាជា «បញ្ហាដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ»

លោក Guterres បាននិយាយនៅឯវេទិកា Doha យ៉ាដូច្នេះទៀតថា «បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌»។ លោកបានបន្ថែមថា «ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស និងប្រែទៅជាមហន្តរាយជាមួយនឹងផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបាន លើប៉ាឡេស្ទីនទាំងមូល និងលើសន្តិភាព និងសន្តិសុខនៅក្នុងតំបន់»

គួរបញ្ជាក់ថា សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​បាន​ផ្ទុះឡើង​ ដោយសារ​ការ​វាយឆ្មក់របស់ចលនា​ប្រដាប់អាវុធ​ប៉ាឡេស្ទីន​ហាម៉ាស​លើ​អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សជាង ១២,០០០នាក់ និងចាប់ជាចំណាប់ខ្មាំងប្រមាណ ២៤០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។ ជាការសងសឹង អ៊ីស្រាអែលដែលបាននិងកំពុងបើកប្រតិបត្តិការសង្គ្រាមកម្ចាត់ក្រុមហាម៉ាស់ ដោយរហូតមកទល់ពេលនេះ មនុស្សជាង ១៧,៧០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត នៅតំបន់ហ្កាហ្សា ដែលភាគច្រើនជាកុមារ និងស្ត្រី៕

រូបភាពពី Reuters