(ប៉េកាំង)៖​ ថ្ងៃទី៧ខែធ្នូ កិច្ចប្រជុំមេដឹកនាំចិននិងអឺរ៉ុបលើកទី២៤ ដែលជាព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង។ នៅពេលជួបសន្ទនាជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រីVon der Leyen ប្រធានគណៈកម្មធិការសហភាពអឺរ៉ុប លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់ នូវទិសដៅដ៏ត្រឹមត្រូវ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បង្កើតការយល់ដឹងដ៏ត្រឹមត្រូវ និងអភិវឌ្ឍទំនាក់ទំនងដោយអស់ពីកម្លាំងកាយចិត្ត។ មេដឹកនាំអឺរ៉ុបបានថ្លែងថា មិនសង្ឃឹមឱ្យផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិននោះទេ ហើយយល់ឃើញថា ការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងរយៈពេលយូរ នៃសេដ្ឋកិច្ចប្រទេសចិនគឺសមស្របនឹង ផលប្រយោជន៍របស់អឺរ៉ុប។អ្នកសង្កេតការណ៍បានសម្គាល់ឃើញថា ប្រឈមមុខនឹងពិភពលោកដែលមានភាពរង្គោះរង្គើកាន់តែខ្លាំង ចិននិងអឺរ៉ុបបានបញ្ចេញសញ្ញាវិជ្ជមានដែលឆ្លើយតបនឹង បញ្ហាប្រឈមតាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដែលគួរឱ្យស្វាគមន៍។

ឆ្នាំនេះគឺជាខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិននិងសហភាពអឺរ៉ុប ហើយក៏ជាខួបលើកទី២៥នៃការបង្កើតយន្តការនៃកិច្ចប្រជុំមេដឹកនាំ រវាងចិននិងអឺរ៉ុបទៀតផង។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ដោយឈរលើចំណុចប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប កិច្ចប្រជុំមេដឹកនាំរវាងចិននិងអឺរ៉ុបលើកនេះ មានសារសំខាន់ក្នុងការបូកសរុបសមិទ្ធផលកន្លងទៅ និងត្រួសត្រាយអនាគត។

ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានដាក់ចេញឯកសារអំពីគោលនយោបាយ ចំពោះសហភាពអឺរ៉ុបចំនួនបី ដោយចាត់ទុកសហភាពអឺរ៉ុបជាប៉ូកដ៏សំខាន់មួយលើពិភពលោក គាំទ្រយ៉ាងមុតមាំនូវដំណើរធ្វើសមាហរណកម្មនៃសហភាពអឺរ៉ុប ហើយគោលនយោបាយចំពោះអឺរ៉ុប បានរក្សានូវស្ថិរភាពនិងនិរន្តរភាព។ ផ្ទុយទៅវិញ គោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះ ប្រទេសចិនបានជួបប្រទះឧបសគ្គសារចុះសារឡើង ពីមួយពេលទៅមួយពេល។ អ្នកវិភាគជាច្រើនបានយល់ឃើញថា ដោយសារសហភាពអឺរ៉ុបបានរងផលប៉ះពាល់ ពីគោលនយោបាយទប់ស្កាត់ប្រទេសចិនរបស់អាមេរិក បានជាការយល់ដឹងរបស់ខ្លួនចំពោះប្រទេសចិន បានមានភាពខុសឆ្គង។ នេះក៏ជាមូលហេតុសំខាន់ ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុប ជួបប្រទះឧបសគ្គសារចុះសារឡើង។

តើយើងគួរប្រើក្រសែភ្នែកយ៉ាងណាចំពោះប្រទេសចិន? តាមពិតទៅ ចម្លើយនេះត្រូវបានផ្តល់ឱ្យនៅ២០ឆ្នាំមុនមកម្លេះ ពោលគឺ"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុយជ្រោយ"។ ក្នុងកិច្ចជំនួបលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ជាថ្មីម្តងទៀត នូវទិសដៅដ៏ត្រឹមត្រូវនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបបែបនេះ ដោយបានលើកឡើងថា ចិននិងអឺរ៉ុបគួរតែរាប់អានគ្នាតាមទស្សនៈយុទ្ធសាស្ត្រ បង្កើនការយោគយល់គ្នានិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាផ្តោតសំខាន់លើទំនុកចិត្តនិងសច្ចធម៌។ ភាគីអ៊ឺរ៉ុបបានថ្លែងថា រីករាយរួមជាមួយភាគីចិនពង្រឹងការប្រាស្រ័យទាក់ទង និងបង្កើនការយល់ដឹងលើបញ្ហាខ្វែងគំនិតពីគ្នា ដោយប្រកាន់អាកប្បកិរិយាដែលគោរពគ្នាទៅវិញទៅមក បើកចំហនិងស្មោះត្រង់។

ក្នុងកិច្ចជំនួបលើកនេះ ភាគីចិនបានថ្លែងថា ចិនរីករាយចាត់ទុកសហភាពអឺរ៉ុបជា "ដៃគូទាំងបី" ពោលគឺដៃគូគន្លឹះ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដៃគូជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងជាដៃគូដែលគួរឱ្យជឿទុកចិត្តបាន ក្នុងកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ មេដឹកនាំអឺរ៉ុបបានយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងប្រទេសចិន គឺមានសមភាពនិងអាចផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ហើយសង្ឃឹមថាភាគីទាំងពីរនឹងធ្វើកិច្ចខិតខំរួមគ្នា ដើម្បីគាំពារស្ថិរភាពនិងសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម។

បទពិសោធន៍នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដែលបានឆ្លងកាត់អស់រយៈពេល២០ឆ្នាំ បានបង្ហាញថាប្រសិនបើប្រកាន់ខ្ជាប់ ការចាត់ទុកគូភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នោះទំនាក់ទំនងទ្វេភាគីក៏នឹងអាចឆ្ពោះទៅមុខដែរ។ ក្នុងរយៈពេល២០ឆ្នាំខាងមុខ ចិននិងអឺរ៉ុបនៅតែត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងដ៏ត្រឹមត្រូវ ដើម្បីបង្កើតទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដែលមានលំដាប់កាន់តែខ្ពស់ ក្នុងដំណើរជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងការធ្វើសមាហរណកម្មអឺរ៉ុបដោយរៀងៗខ្លួន។ នេះមិនត្រឹមតែនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន