(ម៉ាឌ្រីដ)៖ អេស៉្បាញ អៀរឡង់ បែលហ្ស៉ិក និងម៉ាល់ត៍ (Malta) ចង់ឱ្យក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ធ្វើការជជែកដេញដោល អំពីស្ថានការណ៍នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ហើយរួមគ្នាអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌​ ដែលអាចឋិតថេរបានយូរមួយ ដើម្បីឆ្ពោះទៅបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមមេដឹកនាំនៃប្រទេស EU ទាំង២៧ នឹងត្រូវជួបប្រជុំគ្នានាថ្ងៃទី១៤-១៥ ខែធ្នូ នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ដើម្បីពិភាក្សា​អំពីការជួយអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី និងអំពីកែសម្រួលលើកញ្ចប់ថវិការយៈពេលវែង របស់ EU។ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំផងដែរ។

លិខិតពីសំណាក់នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៤ ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលជាប្រធានកិច្ចប្រជុំ​នាសប្តាហ៍ក្រោយ បានសង្កត់ធ្ងន់ពីភាពធ្ងន់ធ្ងរនៃសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ Gaza និងលទ្ធភាពនៃការផ្ទុះរីករាលដាលសង្រ្គាម​នៅទូទាំងតំបន់។

សេចក្តីសង្ខេបនៃលិខិតខាងលើ បាននិយាយថា ក្រុមមេដឹកនាំប្រទេស EU គួរតែឈានដល់គោលជំហររួមមួយ ដើម្បីអំពាវនាវទៅកាន់​ភាគីជម្លោះ ឱ្យប្រកាសបទឈប់បាញ់មនុស្សធម៌ឋិតថេរបានយូរមួយ ដែលអាចនាំឆ្ពោះទៅរកការបិទបញ្ចប់អរិភាព និងស្នើឱ្យមានវិធានការ​ដើម្បីការពារជនស៉ីវិលនៅ Gaza ជាបន្ទាន់។ ប្រទេសទាំង៤ ដែលកន្លងមកបានរិះគន់អ៉ីស្រាអែល ជុំវិញការដោះស្រាយជម្លោះ ក៏បាន​អំពាវនាវផងដែរ ឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយស្តីពី Gaza ឱ្យបានឆាប់តាមតែអាចទៅរួច ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋប៉ាឡេស្ទីន នៅទន្ទឹមគ្នាជាមួយអ៉ីស្រាអែល។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអ៉ីស្រាអែល បានបោះឆ្នោតវេតូចំពោះសំណើមួយ នៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ដែលសំដៅអំពាវនាវឱ្យមាន បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ក្នុងសង្រ្គាមខាងលើ។ ចំណែក សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ១៣ប្រទេសផ្សេងទៀត បានបោះឆ្នោតគាំទ្រ ខណៈចក្រភពអង់គ្លេស បានបោះឆ្នោតអនុបវាទ៕ 

រូបភាពពី Reuters